ភ្នំពេញ: យោងតាមការបញ្ជាក់របស់លោកឧត្តមសេនីយត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឱ្យដឹងនៅមុននេះបន្តិចថា បច្ចុប្បន្នកម្លាំងសមត្ថកិច្ចកំពុងស្រាវជ្រាវរកអ្នកពាក់ព័ន្ធនឹងសំណុំរឿងបង្ក្រាបឈើប្រណិតនៃកណ្តាលក្រុងច្បារមន ។
លោកថ្លែងថា ចំពោះឈ្មោះ ស៊ី សុខ ភេទប្រុស អាយុ ៣០ឆ្នាំ មានទីលំនៅភូមិផ្សារសាមគ្គី សង្កាត់កណ្តោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដែលជាកូនប្រសារបស់លោក ឆេង ឡុង គឺសមត្ថកិច្ចមិនទាន់ប្រាកដថាត្រូវចាប់ខ្លួន ឬមិនចាប់ខ្លួននោះទេ ប៉ុន្តែករណីនេះគឺឈើប្រណិតទាំងអស់ត្រូវបានសមត្ថកិច្ចរកឃើញនៅក្នុងផ្ទះលោក ស៊ី សុខ ជាកូនប្រសារ ចំណែកផ្ទះលោក ឆេង ឡុង ជាឪពុកក្មេកគឺសមត្ថកិច្ចមិនបានរកឃើញមានស្តុកឈើប្រណិតនោះទេ។
អ្នកនាំពាក្យដដែល ថាទោះជាយ៉ាងណាសមត្ថកិច្ច គឺនៅតែបន្តការស្រាវជ្រាវករណីនេះ ដើម្បីរកឲ្យឃើញពីការពិត ថាតើអ្នកណាខ្លះដែលមានការពាក់ព័ន្ធនិងរឿងរកស៊ីឈើខុសច្បាប់ដ៏ធំមួយនេះ ។
លោកឧត្តមសេនីយត្រី អេង ហ៊ី នៅមិនទាន់អាចបញ្ជាក់ពីចំនួនសរុបពិតប្រាកដ របស់ឈើដែលសមត្ថកិច្ចបានរកឃើញនៅឡើយទេ នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៧នេះ ។
សូមរំលឹកថា កម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថលើផ្ទៃប្រទេស សហការជាមួយកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដោយមានការសម្របសម្រួលពីលោក អ៊ូ ផាត ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ស្ពឺ បានបើកប្រតិបត្តិការចុះបង្ក្រាប និងឆែកឆេរភូមិគ្រឹះរបស់លោក ឆេង ឡុង មានតួនាទីជា នាយរងសេនាធិការអាវុធហត្ថខេត្តកំពង់ស្ពឺ តាំងពីយប់ថ្ងៃទី១១ ខែមីនា រហូតមកដល់រសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៧ម្សិលមិញ ។
យោងតាមការបញ្ជាក់ពីសមត្ថកិច្ចបានឲ្យដឹងថា ការចុះឡោមព័ទ្ធភូមិគ្រឹះខាងលើកាលពីល្ងាចថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៧ម្សិលមិញ គឺសមត្ថកិច្ចបានធ្វើការតាមដានជាយូរមកហើយ ប៉ុន្តែការចុះបង្ក្រាបនេះជនល្មើសហាក់បីដូចជាដឹងខ្លួនមុន និងបានបញ្ជាឲ្យក្រុមកូនចៅរបស់ខ្លួនបើករថយន្តធុនធំ (យីឌុប) ចំនួន២គ្រឿងដឹកឈើចេញមុនពេលបង្រ្កាប ប៉ុន្តែបើកចេញបានតែរថយន្តម៉ាកហុីយ៉ាន់ដាយ ពណ៌ស កន្ទុយពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ 3A-9126 ១គ្រឿងតែប៉ុណ្ណោះដោយមានផ្ទុកឈើប្រណិតប្រភេទធ្នុងជាច្រើនពេញរថយន្ត ។
យោងតាមសំដីរបស់សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា ការបង្ក្រាបបទល្មើសព្រៃឈើនៅក្នុងភូមិគ្រឹះរបស់មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺនេះ អាចផ្តើមចេញពីទំនាស់ផលប្រយោជន៍ផ្ទៃក្នុង ៕
មតិយោបល់