ស្ទឹងត្រែងៈ កម្លាំងក្រុមអន្តរាគមន៍បង្ក្រាបសត្វព្រៃចល័តនៃរដ្ឋបាលព្រៃឈើថ្នាក់ជាតិសហការជាមួយអាវុធហត្ថលើផ្ទៃប្រទេស និងជំនាញរដ្ឋបាលព្រៃឈើខេត្តព្រមទាំងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានធ្វើការបង្ក្រាប និងរឹបអូសបានសាច់សត្វព្រៃជាច្រើនប្រភេទដែលមានទម្ងន់ជាង១០០គីឡូក្រាម ដែលក្រុមឈ្មួញដាក់តាំងលក់នៅលើទីផ្សារក្នុងទីរួមខេត្ត កាលពីព្រឹក ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៦។
ការចុះបង្ក្រាបករណីខាងលើនេះ កម្លាំងចម្រុះបានចុះទៅដល់កន្លែងដែលក្រុមឈ្មួញទាំងអស់ដាក់លក់ ប៉ុន្តែកម្លាំងជំនាញមិនបានឃាត់ខ្លួនមនុស្សទេ ព្រោះថាពេលដែលកម្លាំងជំនាញទៅដល់កន្លែងលក់ភ្លាម ហាក់បីដូចជាមានគេប្រាប់ឲ្យឈ្មួញបានដឹងមុនអ៊ីចឹង គឺពួកឈ្មួញបាននាំគ្នារត់គេចខ្លួនបាត់អស់រលីង បន្សល់ទុកតែសាច់សត្វដែលដាក់លក់តែប៉ុណ្ណោះ។
សត្វព្រៃដែលជំនាញបង្ក្រាបបានខាងលើនោះ មានច្រើនប្រភេទដូចជា អណ្តើកភ្នំរស់ ត្រគួតរស់ សាច់ជ្រូកព្រៃស្រស់ សាច់ឈ្លុសស្រស់ រញីភ្លើងរស់ ក្រពះប្រម៉ាក្រៀម ដែលមានទម្ងន់សរុបទាំងអស់ ១២៦គីឡូក្រាមកន្លះ។
បច្ចុប្បន្ន សាច់សត្វព្រៃទាំងអស់នោះ ត្រូវបានកម្លាំងជំនាញយកទៅកប់ចោលក្នុងខណ្ឌរដ្ឋបាលព្រៃឈើខេត្តរួចរាល់ហើយ៕
មតិយោបល់