ព័ត៌មានជាតិ

បង្ក្រាបទីតាំងស្តុកឈើប្រណីតមួយកន្លែង នៅស្រុកអូរយ៉ាដាវ

រតនគិរីៈ ដោយមានបទបញ្ជាពីឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា កម្លាំងប៉េអឹមស្រុកអូរយ៉ាដាវបានសហការជាមួយកម្លាំងប៉ះអឹមខេត្ត ចុះបង្ក្រាបបានទីតាំងស្តុកឈើមួយកន្លែងត្រង់ចំណុចមាត់ទន្លេសេសាន្ត ស្ថិតក្នុងភូមិបាផ្តល់ ឃុំសេសាន្ត ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។

ការចុះបង្ក្រាបទីតាំងស្តុកឈើខាងលើនេះ ធ្វើឡើងកាលពីវេលាម៉ោង២និង២០នាទីរសៀល ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៦ ដោយរឹបអូសយកបានប្រណីតប្រភេទឈើធ្នង់ និងឈើសុក្រំចំនួន៥០០កំណាត់ (២០ម្ភៃក្លុំប្រវែងមួយម៉ែត្រពីរតឹក)។

តាមប្រភពពីសមត្ថកិច្ចដែលចុះបង្ក្រាបបានឲ្យដឹងថា ឈើទាំងនេះ ឈ្មួញដឹកជញ្ជូនចេញពីចំណុចភូមិញ៉ាង ស្រុកអណ្តូងមាសដោយឆ្លងកាត់ទន្លេសេសាន្តយកមកស្តុកទុកក្នុងភូមិបាផ្តល់ បម្រុងនឹងដឹកជញ្ជូនបន្តទៅកាន់ប្រទេសវៀតណាម។

តាមប្រភពពីប្រជាពលរដ្ឋជាជនជាតិដើមភាគតិចបានប្រាប់អ្នកសារព័ត៌មានថា ឈើប្រណីតទាំងនេះឈ្មួញមានចំនួន៣នាក់ រួមមានទី១-ឈ្មោះ លើយ ភេទប្រុស ទី២-ឈ្មោះ យ័ន ភេទប្រុស នឹងទី៣-ឈ្មោះ ង៉ែត ភេទស្រី។ ម្ចាស់ឈើទាំង៣នាក់ខាងលើនេះ ជាឈ្មួញដុះស្លែជាយូរឆ្នាំមកហើយមិនដែលមានសមត្ថកិច្ចណាហ៊ានបង្ក្រាបឡើយ។

បច្ចុប្បន្ន ឈើទាំងនោះមិនទាន់ដឹកជញ្ជូនចេញនៅឡើយទេ ដោយសារពិបាកផ្លូវទើបកម្លាំងប៉ះអឹមស្រុកដេកយាមកាមរហូតដល់ព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៦ ទើបដឹកជញ្ជូនយកទៅផ្នែករដ្ឋបាលព្រៃឈើដើម្បីរក្សាទុកនៅស្រុកបកែវ៕

មតិយោបល់