ក្រុមហ៊ុនផលិតរថយន្តអគ្គីសនីរបស់ចិន NextEV ទើបប្រកាសចេញម៉ាកសញ្ញារថយន្ត Nio ដ៏ទំនើបនាទីក្រុងឡុងដ៍ ជាមួយការបញ្ចេញរថយន្តមហាកម្លាំងម៉ូដែល EP9 ដើរដោយម៉ាស៊ីនអគ្គីសនីកម្លាំង ១៣៦០ សេះ ដែលត្រូវបានក្រុមហ៊ុនផលិតឡើង ក្នុងចំនួនកំណត់មួយប៉ុណ្ណោះ ដើម្បីផ្សព្វផ្សាយម៉ាកសញ្ញារថយន្តថ្មីរបស់ខ្លួន។
លោក Jack Cheng សហស្ថាបនិកក្រុមហ៊ុន NextEV បានថ្លែងឱ្យដឹងក្នុងបទសម្ភាសន៍មួយជាមួយកាសែត Automotive News ថា៖ «Nio ស៊េរីដំបូងរបស់យើង នឹងជារថយន្តអគ្គីសនីប្រភេទកៅអី ៥ (SUV) ដែលមានកម្រិតសមត្ថភាពត្រដំត្រសងជាមួយរថយន្ត Tesla Model X របស់អាមេរិក ប៉ុន្តែ មានតម្លៃទាបប្រហែលរថយន្ត Toyota របស់ជប៉ុន»។
លោក Cheng បន្ថែមថា Nio SUV នឹងបំពាក់អាគុយប្រភេទ L-ion កម្លាំង ៧០ គីឡូវ៉ាត់ម៉ោង អាចផ្តល់ថាមពលដល់រថយន្តឱ្យបរបានចម្ងាយជាង ៥០០ គីឡូម៉ែត្រ នៅក្នុងការសាកល្បងបើកបរ ដោយវិលជុំមួយនៅអឺរ៉ុប។ ចំពោះកាលបរិច្ឆេទនៃការចេញលក់ លោក Cheng បានបញ្ជាក់ថា នឹងចាប់ផ្តើមនៅក្នុងប្រទេសចិនមុនដំបូងគេ ប៉ុន្តែនៅអាមេរិក ការចេញលក់នឹងចាប់ផ្តើមក្នុងឆ្នាំ ២០១៨ ឬដើមឆ្នាំ ២០១៩៕
ប្រភពព័ត៌មាន៖ greencarreports
មតិយោបល់