ភ្នំពេញៈ នៅព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៦ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោក សាន សុផាត ប្រធានក្រុមប្រឹក្សាជំនុំជម្រះបានសម្រេចប្រកាសសាលក្រមក្នុងសំណុំរឿង រួមគំនិតក្បត់ ដោយមានជនជាប់ចោទ១០នៅក្នុងឃុំ និងម្នាក់នៅក្រៅឃុំ ឈ្មោះសម សេរី ជាប់ចោទពីបទផ្តើមគំនិតក្បត់។
សមត្ថកិច្ចបានឲ្យដឹងថា ជនជាប់ចោទទី១.ឈ្មោះ លីវ ឃី ភេទប្រុស អាយុ២៤ឆ្នាំ ដាក់ពន្ធនាគារកំណត់៥ឆ្នាំ ទី២.ឈ្មោះ ច្រាញ់ មុត ភេទប្រុស អាយុ២៤ ឆ្នាំ (និស្សិត) ដាក់ពន្ធនាគារកំណត់៥ឆ្នាំ ទី៣.ឈ្មោះ ឃុន ណាគង់ ភេទ ប្រុស អាយុ២៩ឆ្នាំ (គ្រូបង្រៀន) ដាក់ពន្ធនាគារកំណត់៥ឆ្នាំ ទី៤.ឈ្មោះ ឈុន ឆាត ភេទប្រុស អាយុ២៤ឆ្នាំ ដាក់ពន្ធនាគារកំណត់៦ឆ្នាំ ទី៥.ឈ្មោះ ឡាត់ លីហេង ភេទប្រុស អាយុ ២២ឆ្នាំ ដាក់ពន្ធនាគារកំណត់៦ឆ្នាំ ទី៦.ឈ្មោះ អាន ចាន់ ភេទប្រុស អាយុ៣៥ឆ្នាំ ដាក់ពន្ធនាគារកំណត់៦ឆ្នាំ ទី៧.ឈ្មោះ ច័ន្ទ ស្មា ភេទប្រុស អាយុ២៧ឆ្នាំ ដាក់ពន្ធនាគារកំណត់៦ឆ្នាំ ទី៨.ឈ្មោះ ឈឹម ស្មាត់ ភេទប្រុស អាយុ៥៦ឆ្នាំ ដាក់ពន្ធនាគារកំណត់៦ឆ្នាំ ទី៩.ឈ្មោះមែន ចានរ៉ា ភេទប្រុស អាយុ២៩ឆ្នាំ ដាក់ពន្ធនាគារកំណត់៦ឆ្នាំ ទី១០.ឈ្មោះ ឆាយ វ៉ិត ភេទប្រុស អាយុ ៤០ឆ្នាំ ដាក់ពន្ធនាគារកំណត់៦ឆ្នាំ និងទី១១.ឈ្មោះ សំ សេរី កំបាំងមុខ ដាក់ពន្ធនាគារកំណត់៩ឆ្នាំ និងចេញដីកាតាមចាប់ខ្លួន សម សេរី។
ស្នងការរងទទួលបន្ទុកសន្តិសុខនៃស្នងការនគរបាលរាជធានីភ្នំពេញ លោក ស៊ឹម មុន្នី បានបំភ្លឺក្នុងសវនាការថា ក្រោយពេលសាលារាជធានីភ្នំពេញបានបដិសេធមិនឲ្យចលនារណស្សិរំដោះជាតិខ្មែរធ្វើបាតុកម្ម ប៉ុន្តែពួកគេនៅតែមានគំរោងធ្វើដោយនាំយកនូវខិតប័ណ្ណ មួកមានស្លាកសញ្ញារណស្សិ ដំបង ទង់ជាតិ ផងនោះ សមត្ថកិច្ចក៏បានឃាត់ខ្លួនពួកគេនៅយប់ថ្ងៃទី២២ ខែតុលា បានចំនួន៥នាក់។ លុះព្រឹកឡើង ពួកគេបានលើកគ្នាមកដុតទង់ជាតិនៅមុខស្ថានទូតវៀតណាមចំនួន៥នាក់ទៀតក៏ត្រូវចាប់ខ្លួនតែម្ដង ។
លោកបានបញ្ជាក់ទៀតថា កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៦នេះ លោក សម សេរី ដែលជាប្រធានចលនារណស្សិរំដោះជាតិខ្មែរបានចេញសេចក្ដីប្រកាសអំពីតួនាទីរបស់ជនជាប់ចោទដែលតុលាការកំពុងឃុំខ្លួនថាសុទ្ធតែជាមន្ត្រីជាន់ខ្ពស់ រដ្ឋមន្ត្រី អនុរដ្ឋមន្ត្រី ជាដើម របស់ចលនារណស្សិរំដោះជាតិខ្មែរនាពេលអនាគត។
ក្នុងសវនាការនាថ្ងៃទី៣០ ខែតុលា កន្លងមក ក្រុមជនជាប់ចោទចំនួន១០នាក់ដែលមានខ្លួន បានឆ្លើយសារភាពចំពោះទង្វើរបស់ពួកគេនៅមុខស្ថានទូតវៀតណាម កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៤ ដោយពួកគេបានហៅថា អ្វីដែលបានកើតឡើងនោះគឺជាការចាញ់បោកឈ្មោះ សម សេរី ទាំងស្រុង។ ពាក់ព័ន្ធករណីនេះដែរ ជនជាប់ចោទទាំង១០នាក់ បានឆ្លើយក្នុងសវនាការថា រឿងទាំងអស់សុទ្ធតែឈ្មោះ សម សេរី និងលោក សម រង្ស៊ី រៀបចំដើម្បីទម្លាក់កំហុស និងយកចំណេញផ្នែកនយោបាយនៅក្រៅប្រទេសដោយការឃុំខ្លួនពួកគេនេះ ហើយជនជាប់ចោទទាំង១០នាក់បានប្រកាសប្ដឹងលោក សម រង្ស៊ី និងលោក សម សេរីផងដែរ៕
មតិយោបល់