ព័ត៌មានជាតិ

សមត្ថកិច្ចខណ្ឌឬស្សីកែវ នាំមេក្លោងផលិតគ្រឿងញៀនទៅឆែកឆេរផ្ទះ

ភ្នំពេញៈ កម្លាំងសមត្ថកិច្ចខណ្ឌឬស្សីកែវ ដឹកនាំដោយលោកវរៈសេនីយ៍ឯក ទៀង ច័ន្ទសារ អធិការខណ្ឌឬស្សីកែវ បាននាំខ្លួនមេក្លោងផលិតគ្រឿងញៀនទៅឆែកឆេរផ្ទះជួលម្តងទៀត កាលពីវេលាម៉ោង១១ និង៣០នាទីព្រឹក ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅចំណុចផ្ទះជួលលេខ៩ ផ្លូវលេខ៣BT ក្រុម១ ភូមិចំរើនផល១ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

លោកវរៈសេនីយ៍ឯក ទៀង ច័ន្ទសារ បានឲ្យដឹងថា នៅក្នុងប្រតិបត្តិការចុះឆែកឆេរទីតាំងខាងលើនេះម្តងទៀត ដោយសារតែជនសង្ស័យបានប្រាប់ថា នៅក្នុងផ្ទះរបស់ខ្លួននៅមានម្សៅក្រាមពណ៌(ស)ចំនួន១កញ្ចប់ធំ, ថ្នាំក្រវិលចំនួន៤គ្រាប់, ធុងសម្រាប់សម្ងួតថ្នាំញៀន១មួយធុង និងគ្រាប់កាំភ្លើងចំនួន២គ្រាប់ ហើយត្រូវសមត្ថកិច្ចយើងធ្វើការដកហូតយកមកអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ។

គួររំឭកផងដែរថា កាលពីថ្ងៃទី៤ ខែឆ្នូ ឆ្នាំ២០១៦ វេលាម៉ោង ១និង៣០នាទីយប់រំលងអាធ្រាត្រ អធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ បានបើកការបង្ក្រាបមុខសញ្ញាជួញដូរគ្រឿងញៀន ដែលមានដីការតាមចាប់ខ្លួនលេខ ៤១១ រ.ដ.ច.ន ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៦ ពីបទរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ឈ្មោះ សេន ដាយូសា ហៅបូ ភេទប្រុស អាយុ ២៩ឆ្នាំ ដោយបានដកហូតគ្រឿងញៀនចំនួន ២០កញ្ចប់។

លោកបញ្ជាក់ថា ក្រោយពីបានបង្ក្រាបរួច អធិការដ្ឋានបានប្រើប្រាស់វិធានការជំនាញសួរយកចម្លើយទៅលើជនសង្ស័យ ក្រោយពីទទួលបានចម្លើយសារភាពភ្លាម អធិការដ្ឋានបានរៀបចំយ័ន្តការបន្តបើកកិច្ចប្រតិបត្តិការក្នុងទ្រុងទ្រាយធំទៅលើទីតាំងផលិតសារធាតុញៀនមួយកន្លែង ស្ថិតនៅចំណុចផ្ទះជួលលេខ៩ ផ្លូវលេខ៣BC ក្រុម១ ភូមិចំរើនផល១ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

លោកអធិការបានរៀបរាប់បន្ថែមទៀតថា ប្រតិបត្តិការស្រាវជ្រាវនេះ ចាប់ផ្តើមតាំងពីពេលឃាត់ខ្លួនរហូតមកដល់ម៉ោង ៨និង២០នាទីយប់ សមត្ថកិច្ចយើងបានឃាត់ខ្លួនជនសង្ស័យ ២នាក់ ស្ថិតនៅតាមបណ្តោយផ្លូវលេខ២៧១ មុខសាលាបឋមសិក្សា អនុវត្តន៍ ក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក ហើយសមត្ថកិច្ចយើងបានបន្តទៅឆែកឆេរទីតាំងមួយកន្លែងទៀត នៅវេលាម៉ោង៩និង២០នាទី ថ្ងៃដដែល ទើបអធិការដ្ឋានបានបើករង្វង់ប្រតិបត្តិការក្រសោបក្នុងរូបភាពទ្រុងទ្រាយធំយកមេក្លោង នឹងសមាសភាពពាក់ព័ន្ធ។

លោកបន្តថា ជាលទ្ធផលនៃកិច្ចប្រតិបត្តិការនេះសមត្ថកិច្ចយើងបង្ក្រាបបានមុខសញ្ញាជាក់ស្តែងចំនួន៥នាក់ រួមមានទី១ឈ្មោះ យ៉ុង ចាន់ហ៊ូយ៉ុង ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលកន្លែងកើតហេតុ (ជាមេក្លោងផលិតគ្រឿងញៀន)។ ទី២ឈ្មោះ នួន ស្រីល័ក្ខ ភេទស្រី អាយុ ២៧ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅផ្ទះជួលកន្លែងកើតហេតុ (ពាក់ព័ន្ធ)។ ទី៣ឈ្មោះ ដួង លីលី ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅផ្ទះលេខ១០ សង្កាត់បឹងប្រលឹត ខណ្ឌ៧មករា (ពាក់ព័ន្ធ)។ ទី៤ឈ្មោះ ប៉ក់ ស្រីពៅ ភេទស្រី អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលកន្លែងកើតហេតុ (ពាក់ព័ន្ធ) និងជនសង្ស័យទី៥ឈ្មោះ ចាន់ ឆវី ភេទស្រី អាយុ២៧ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ (ពាក់ព័ន្ធ)។

ចំណែកវត្ថុតាងពាក់ព័ន្ធ ដែលសមត្ថកិច្ចធ្វើការត្រួតពិនិត្យនៅក្នុងទីតាំងខាងលើដកហូតបាន រួមមាន ប្រភេទថ្នាំញៀនមួយចំនួនធំ ដូចជា ម៉េតាណុលចំនួន១៤ដប, សារធាតុផ្សំ និងកែច្នៃសារធាតុញៀនមួយចំនួន, ក្រាមពណ៌សថ្លា ចំនួន២កញ្ចប់ធំ ,ថ្នាំពេទ្យសម្រាប់កែច្នៃធ្វើជាសារធាតុញៀនមួយចំនួន, សារធាតុញៀនជាគ្រាប់ចំនួន ៣កញ្ចប់ធំ , សារធាតុដែលផលិតរួចប្រើជាផ្លូវការមួយចំនួន, ប្រភេទខេ (សំរាប់ហិត)-ប្រភេទគ្រាប់(គ្រវី) -ប្រភេទWY(យ៉ាម៉ា)-ប្រភេទលាយដែលផ្សំរួច(មេតំហ្វេតាមីនមួយចំនួន), ម្សៅកែច្នៃសារធាតុញៀនមួយចំនួន, ជញ្ជីងថ្លឹងថ្នាំញៀនចំនួន១គ្រឿង, ឧបករណ៍សម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន, ឧបករណ៍សម្រាប់កែច្នៃសារធាតុញៀនមួយចំនួន។

បច្ចុប្បន្នជនសង្ស័យដែលជាមេក្លោង ត្រូវសមត្ថកិច្ចឃុំខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញចាត់ការតាមផ្លូវច្បាប់៕

https://youtu.be/hAw0o3DuBEs

មតិយោបល់