ព័ត៌មានជាតិ

ផ្សារដើមគ ខុសប្លែកពីគេលក់២៤ម៉ោង លើ២៤ម៉ោងនៅលើចិញ្ចើមផ្លូវ

ភ្នំពេញៈ ផ្សារដើមគ ខុសប្លែកពីគេដោយលក់២៤ម៉ោងលើ២៤ម៉ោង និងនៅលើចិញ្ចើមផ្លូវ៣៣៦ ការលើកឡើងបែបនេះ ខណៈគណៈកម្មការផ្សារដើមគបើកកិច្ចប្រជុំស្តីពីការគ្រប់គ្រងបង្គង់និងទឹក នៅទីស្នាក់ការផ្សារដើមគ ក្រោមការដឹកនាំលោក ប៉ាង លីដា អភិបាលរងខណ្ឌទួលគោក តំណាងឲ្យអភិបាលខណ្ឌ លោក មួង សុខអួង មេធាវីប្រចាំសាលាខណ្ឌទួលគោក លោកចៅសង្កាត់ លោកប្រធានផ្សារដើមគ អាជីវករបង្គន់ និង អាជីវករទឹក កាលពីម៉ោង៣និង៥នាទី រសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៦ ។

លោក ប៉ាង លីដា អភិបាលរងខណ្ឌទួលគោក បានឲ្យដឹងថា យោងតាមលិខិតលេខ៤៦៨ លស.ផវិ ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៥ របស់សាលារាជធានីភ្នំពេញ ស្តីពីការវិនិយោគធ្វើអាជីវកម្ម សេវាកម្ម ទីតាំងបង្គន់ទឹកផ្សារដើមគ ស្ថិតនៅសង្កាត់ផ្សារដើមគ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ និងយោងតាមលិខិតលេខ ០៨៦/១៦ លស.អ ចុះថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៦ ស្តីពីសំណើរសុំតបណ្តាញមេ ដើម្បីឲ្យគណៈកម្មការផ្សារដើមគ ធ្វើអាជីវកម្មលក់រាយទឹកស្អាតជូនបងប្អូនអាជីវកម្មលក់ដូរ នៅក្នុងបរិវេនផ្សារដើមគ របស់រដ្ឋបាលរាជធានីភ្នំពេញ ។ គណៈកម្មការគ្រប់គ្រងផ្សារដើមគ សូមជម្រាបជូនដំណឹងដល់បងប្អូនដែលធ្វើអាជីវកម្មបង្គន់និងទឹកមិនស្របច្បាប់ដែលកំពុងធ្វើអាជីវកម្មក្នុងបរិវេណផ្សារដើមគ ដែលបានយកស្តង់តូបមកកែច្នៃ ធ្វើជាទីតាំងបង្គន់ខុសបទដ្ឋាន និងពុំមានការឯកភាពពីស្ថាប័នជំនាញ មេត្តាឈប់យកទីតាំងទាំងនោះដាក់ធ្វើជាបង្គន់អនាម័យ និងដាក់ទឹកបន្តទៀតរៀបចំតូបស្តង់ ទាំងនោះទៅតាមការកំណត់របស់គណៈកម្មការផ្សារ ដាក់លក់តាមមុខទំនិញដើមវិញ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ។ គណៈកម្មការផ្សារដើមគ សង្ឃឹមជឿជាក់ថាម្ចាស់ទីតាំងខាងលើ និងអនុវត្តតាមសេចក្តីជូនដំណឹងនេះជាពុំខានឡើយ ។

លោកបានបន្តថា ផ្សារដើមគខុសប្លែកគេលើពិភពលោក ដោយលក់ម៉ោង២៤លើ២៤ម៉ោង គ្មានពេលសម្រាកនិង គ្មានពេលសម្រាប់សម្អាត ជាពិសេសអាជីវករបានយកចិញ្ចើមផ្លូវលក់ដូរតែម្តង ដែលស្ថិតនៅលើផ្លូវ៣៣៦ ។ លោកបានរំឭករឿងអគ្គិភ័យបំផ្លាញទ្រព្យសម្បត្តិរាប់សិបម៉ឺនដុល្លារ អ្វីដែលទទួលបានគឺភាពសោកស្តាយ ហើយថ្មីៗនេះបានកើតឡើងទាំងនៅខណ្ឌសែនសុខ ក្នុងរាជធានីភ្នំពេញ ចំនួន២លើក និង ១លើកទៀតនៅខេត្តសៀមរាប ដូច្នេះសូមបងប្អូនអាជីវករមានការប្រុងប្រយ័ត្ន ដោយរក្សានៅគ្រាប់បែកសម្រាប់ពន្លត់អគ្គីភ័យ បំពង់សម្រាប់ពន្លត់អគ្គិភ័យ និង ប្រុងប្រយ័ត្នចំពោះភ្លើងទៀនធូប ខ្សែភ្លើងដែលអាចឆ្លងចរន្តអគ្គិសនីផងដែរ។

ជាចុងក្រោយលោកអភិបាលរងនិងប្រធានផ្សារដើមគបានឲ្យបងប្អូនអាជីវករបងប្អូនមានមតិចំពោះសេចក្តីជូនដំណឹងស្តីពីការគ្រប់គ្រងបង្គន់និងទឹកខាងលើនេះ ។ ដោយអាជីវកររកស៊ីខាងបង្គន់និងបន្ទប់ទឹកបានប្រកបមុខរបរជាង១០ទៅ២០ឆ្នាំហើយ សំណូមពរមិនមានការរុះរើឡើយ ដោយសំអាងលើឯកសារដែលពួកគាត់មានពីមុនមក។ តាមសំណូមពរពីលោកមេធាវីប្រចាំខណ្ឌទួលគោក សុំឲ្យពួកគាត់យកឯកសារប្រកបមុខរបរខាងលើមកបញ្ជាក់នៅគណៈកម្មការផ្សារដើមគ ដើម្បីធ្វើការដោះស្រាយបន្ត៕

https://youtu.be/Z0p2TRMHWqU

មតិយោបល់