ភ្នំពេញៈ មុខសញ្ញាជួញដូរគ្រឿងញៀនចំនួន៣នាក់ ត្រូវបានកម្លាំងនគរបាលការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀននៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងនគរបាលមូលដ្ឋានចុះធ្វើការ បង្ក្រាបនិងឃាត់ខ្លួនបាន កាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ ទី១៨ ខែកក្កដា ឆ្នាំ២០១៧ នៅបន្ទប់ជួលលេខ ៥២៧ផ្ទះជួលដែលមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវ វត្តឫស្សីសាញ់ ក្នុងភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង៣នាក់ ទី១ឈ្មោះ វ៉ាន់ រីម អាយុ៣៣ឆ្នាំ,ទី២ឈ្មោះ អ៊ឹម រដ្ឋា អាយុ៣៥ឆ្នាំ និងទី៣ឈ្មោះ សេក ជីវ័ន្ត អាយុ២៦ឆ្នាំ ដោយនៅក្នុងពេលនោះកម្លាំងនគរបាលខាងលើដកហូតបានគ្រឿងញៀនជាង៥០កញ្ចប់ រួមជាមួយទូរសព្ទដៃជិត៩គ្រឿង ព្រមទាំងសម្ភារៈនិងឧបករណ៍សម្រាប់វេចខ្ចប់និង ប្រើប្រាស់គ្រឿងញៀន មួយចំនួនធំទៀតផងដែរ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា ក្រុមជនសង្ស័យខាងលើនោះ មិនត្រឹមតែជាមុខសញ្ញាជួញដូរប៉ុណ្ណោះទេ ប៉ុន្តែក៏ជាអ្នកប្រើប្រាស់គ្រឿងញៀនយ៉ាងសកម្មផងដែរ ហើយមុននិងឈានដល់ការឃាត់ខ្លួននោះកម្លាំងនគរ បាល ការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវនិងស៊ើបអង្កេតរយៈពេលយូរមកហើយដែរ។រហូតក្រោយមកបានទទួលព័ត៌មានពីប្រជាពលរដ្ឋដែល បានរាយការណ៍ជូន ទើបកម្លាំងកំណត់បានមុខសញ្ញាខាងលើ ហើយរហូតមកដល់ថ្ងៃទី១៨ ខែកក្កដានេះ បន្ទាប់ពីមានឱកាសល្អ កម្លាំងក៏បានចុះធ្វើការបង្ក្រាបនិងចាប់ខ្លួនជនសង្ស័យបាន៣នាក់ រួមទាំងវត្ថុតាងខាងលើ។
បន្ទាប់មកពួកគេត្រូវបានបញ្ជូនទៅកាន់ការិយាល័យ ប្រឆាំបទល្មើសជួញដូរគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរនិងកសាងសំណុំរឿងចាត់ការតាមច្បាប់៕
មតិយោបល់