ព័ត៌មានជាតិ

សមត្ថកិច្ចចាប់ខ្លួនមនុស្សប្រុសស្រី៤នាក់ ពាក់ពន្ធ័ករណីគ្រឿងញៀន

រតនគិរីៈ ជនសង្ស័យប្រុសស្រីចំនួន៤នាក់ ត្រូវបានសមត្ថកិច្ចនគរបាលប្រឆាំងគ្រឿងញៀន នៃស្នងការរដ្ឋាននគរបាលខេត្តរតនគិរី ធ្វើការចាប់ឃាត់ខ្លួនពីបទករណីរក្សាទុក និងប្រើប្រាស់ថ្នាំញៀនខុសច្បាប់កាលពីវេលាម៉ោង១និង២៦នាទី ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៦ ត្រង់ចំណុចផ្ទះជួលមួយកន្លែងនៅបន្ទប់លេខ១៦ ស្ថិតនៅភូមិជ្រី សង្កាត់យក្ខឡោម ក្រុងបានលុង ខេត្តរតនគិរី។

យោងតាមរបាយការណ៍ពីនគរបាលប្រឆាំងគ្រឿងញៀននៃស្នងការរដ្ឋាននគរបាលខេត្ត បានឲ្យដឹងថា ជនសង្ស័យប្រុសស្រីចំនួន៤នាក់ដែលឃាត់ខ្លួនបាន ទី១មានឈ្មោះ សន សុហាក់លី ភេទស្រី អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ (ជាមុខសញ្ញាជួញដូរ)។ ទី២ឈ្មោះ ដួង រតនៈ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ (ជាមុខសញ្ញាជួញដូរ)។ ទី៣ឈ្មោះ ឡាំ សុខឡា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរមេការមើលការខុសត្រូវបន្ទប់ជួល (ជាមុខសញ្ញាប្រើប្រាស់ថ្នាំញៀន) អ្នកទាំង៣ ស្នាក់នៅភូមិជ្រី សង្កាត់យក្ខឡោម ក្រុងបានលុង ខេត្តរតនគិរី និងជនសង្ស័យទី៤ឈ្មោះ ដួង ចាន់តុលា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នភូមិអូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។

ក្នុងនោះដែរសមត្ថកិច្ចធ្វើការដកហូតវត្ថុតាងរួមមាន ម្សៅក្រាម ពណ៌សថ្លាចំនួន២កញ្ចប់ដែលមានទម្ងន់២•៤៦ក្រាម,កាំបិតស្នៀតវែងចំនួន២ដើម, ទូរសព្ទដៃចំនួន១គ្រឿង,ថង់សម្រាប់ច្រកថ្នាំញៀនមួយចំនួន រួមនិងឧបករណ៍សម្រាប់សេពគ្រឿងញៀនមួយចំនួនទៀត។

បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ រួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ច កំពុងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្តចាត់ការតាមផ្លូវច្បាប់៕

មតិយោបល់