ព័ត៌មានជាតិ

រថយន្តដឹកដីធន់យក្សរបស់មេឈ្មួញ ម៉ៅ សុផល និងលី គឹមហេង ជាប់ផុងកកស្ទះយ៉ាងខ្លាំង

កណ្តាលៈ កំណាត់ផ្លូវជាតិលេខ២ ត្រង់ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មានការកកស្ទះចរាចរណ៍យ៉ាងណែនណាន់ ទៅមុខមិនរួច ថយក្រោយមិនរួចក្រោយពីរថយន្តមេឈ្មួញរកស៊ីជីកដីលក់ ម៉ៅ សុផល និង លី គឹមហេង ដឹកលើទម្ងន់ បើកជាប់ផុងត្រង់ផ្លូវវៀងស្ពាន ក្នុងស្រុកធំឃុំជើងកើបស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

បើតាមការបញ្ជាក់ឲ្យដឹងពីសមត្តកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលជើងកើប បានឲ្យដឹងថា នៅចំណុចស្ពានដែកបាឡេ ភូមិស្តុកធំ មានការស្ទះចរាចរណ៍ដោយសាររថយន្តដឹកដី២គ្រឿង ជាប់ផុងត្រង់ផ្លូវវាងខាងលិចស្ពាន ហើយមានរថយន្តធន់ធំជាច្រើនទៀតមកពីក្រោយ ឈប់បន្តកន្ទុយគ្នាបង្កឲ្យស្ទះចរាចរណ៍តែម្តងនៅរសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៦នេះ។

អធិការនគរបាលស្រុកណ្តាលស្ទឹង ម៉ែន ចាន់រិទ្ធ បានឲ្យដឹងថា មានការស្ទះចរាចរណ៍នៅចំណុចស្ពានស្រុកធំ មែនដោយសាតែរថយន្តដឹកដី ជាប់ផុងតែមកដល់ម៉ោង១៧ល្ងាចនេះ លែងមានការស្ទះចរាចរណ៍ហើយ។ លោកបញ្ជាក់ថាការស្ទះនេះដោយសាររថយន្តផ្សេងៗទៀត មិនហ៊ានបើកឆ្លងស្ពានព្រោះមានភាពទ្រុតទ្រោម។

សូមបញ្ជាក់ថាកាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦ រថយន្តក្រុមហ៊ុន ណឹម ម៉េង ដឹកថ្មលើសចំណុះបណ្តាលឲ្យស្រុតស្ពាន ផ្លូវជាតិលេខ២ ចន្លោះគីឡូម៉ែត្រលេខ ២៣-២៤ ស្ថិតនៅចំណុចស្ពានជើងកើប ភូមិស្រុកធំ ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ដែលបង្កឡើងដោយរថយន្តម៉ាក ហ៊ីយយ៉ាន់ដាយ ដឹកថ្ម ពណ៌លឿងលាយខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3B-6767 មានបិតអក្សរ N.M34 នៅក្បាលរថយន្ត បណ្តាលឲ្យមានការបាក់ស្រុតស្ពានម្តងរួចមកហើយ ហើយត្រូវបានសមត្ថកិច្ចឃាត់ទាំងរថយន្តនិងអ្នកបើកបរ មកកាន់អធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹង ដើម្បីប្រគល់ឲ្យអាជ្ញាធរជំនាញផងដែរ៕

មតិយោបល់