ភ្នំពេញៈ បុរសម្នាក់បើកបររថយន្តស៊េរីទំនើបមួយគ្រឿង ក្នុងល្បឿនលឿនទៅបុកជាមួយម៉ូតូម៉ាកអាយខន មួយគ្រឿងយ៉ាងពេញទំហឹង អូសជាច្រើនម៉ែត្រត្រូវបានប្រជាពលរដ្ឋស្វាគមន៍ដោយដុំថ្ម ដុំដី បំបែកកញ្ចក់រថយន្ត តែរថយន្តបង្កនៅតែព្យាយាមបើករត់ រហូតទៅបុកជាមួយរម៉កកង់បី គាំងទៅមុខមិនរួចតែម្តង។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទី យប់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅក្បែរស្ពានអាកាស៧មករា ក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក PORCHE ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2K-1968 បើកបរដោយបុរសម្នាក់ តាមបណ្ដោយផ្លូវខាងលើ លុះបានមកដល់ចំណុចកើតហេតុ ក៏បុកជាមួយនឹងម៉ូតូម៉ាកអាយខន ពណ៌សលាយលឿង យ៉ាងពេញទំហឹង បណ្តាលឲ្យដួលត្រូវបានរថយន្តបង្កខាងលើបុកអូសជាច្រើនម៉ែត្រ ត្រូវបានប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍ នាំគ្នាដេញតាម វាយបំបែកកញ្ជក់រថយន្ត តែម្ចាស់រថយន្តមិនព្រមចុះពីរថយន្តនោះទេ នៅតែបន្តបើកទៅមុខ តែចុងក្រោយត្រូវបានជាប់គាំងនៅពេលដែលបុកជាមួយ រម៉កកង់បីមួយគ្រឿងទៀត ដែលធ្វើដំណើរស្របទិសគ្នា ។
ក្រោយពេលកើតហេតុម្ចាស់រថយន្តត្រូវបានប្រជាពលរដ្ឋស្វាគមន៍យ៉ាងចាស់ដៃ បណ្ដាលឲ្យរងរបួសបែកក្បាលហូរឈាម ទើបលើកដៃសំពះ មិនហ៊ានចុះចេញពីរថយន្តនោះទេ បន្ទាប់មកសមត្ថកិច្ចបានបញ្ជូនជនបង្កទៅប៉ុស្តិ៍នគរបាលដើម្បីបំពេញសំណុំរឿងចាត់ការតាមផ្លូវច្បាប់៕
https://youtu.be/07zf91oRSds
មតិយោបល់