ភ្នំពេញៈ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បន្ទាប់ពីបុរសម្នាក់ បានបើកម៉ូតូយ៉ាងលឿនខ្វះការប្រុងប្រយត្ន័ វ៉ាប្រជែងរថយន្តមួយគ្រឿងទៀតបណ្តាលឲ្យដួល ខ្ទាតចូលខាងក្រោមកង់រថយន្តកុងតឺន័រ កិនខ្ទេច សំណាងល្អមនុស្សមិនមានគ្រោះថ្នាក់ដល់អាយុជីវិត។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧ព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅចំណុចផ្លូវបេតុងចូលផ្សារទួលពង្រ ក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ឈ្មោះ សុខ សៀ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរមេការសំណង់ ស្នាក់នៅក្នុងបុរីលឹមឈាងហាក់ ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខ ភ្នំពេញ 1FF-5916 ក្នុងទិសដៅពីជើងទៅត្បូង លុះបានមកដល់ចំណុចកើតហេតុ ម៉ូតូខាងលើបានព្យាយាមវ៉ាប្រជែងរថយន្តមួយគ្រឿងទៀត តែមិនប្រយត្ន័ក៏ដួលខ្ទាតម៉ូតូចូលខាងក្រោមកង់រថយន្តកង់តឺន័រ ពាក់ស្លាកលេខ ភ្នំពេញ 3A-5362 ដែលកំពុងបើកបរស្របទិសគ្នាចាប់ហ្វ្រាំងមិនទាន់កិនបណ្តាលឲ្យខូចខាតស្ទើរទាំងស្រុង ចំណែកអ្នកបើកម៉ូតូខ្ទាតចេញពីម្ខាងរបួសស្រាល។ ក្រោយពីកើតហេតុ អ្នកបើកបររថយន្តកុងតឺន័របានចុះពីលើរថយន្តជិះម៉ូតូឌុបគេចចេញពីកន្លែងកើតហេតុបាត់ ដោយបន្សល់ទុករថយន្តនៅនឹងកន្លែងកើតហេតុ។
ក្រោយពីកើតហេតុ សមត្ថកិច្ចនគរបាលចរាចរណ៍ខណ្ឌពោធិ៍សែនជ័យ បានចុះមកធ្វើការវាស់វែង ដោយបាននាំយកម៉ូតូនិងរថយន្តយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ រង់ចាំធ្វើការដោះស្រាយគ្នាពេលក្រោយតាមផ្លូវច្បាប់៕
មតិយោបល់