កណ្ដាលៈ យុវជនម្នាក់ ត្រូវបានខ្សែភ្លើងឆក់ស្លាប់ បន្ទាប់ពីរូបគេដើរទៅមើលប្រដាប់ឆក់កណ្តុរនៅក្នុងចំណុចដីចំការសណ្តែករបស់ខ្លួន បែរជាភ្លាត់ស្នៀតឆក់ខ្លួនឯងតែម្ដង។ ករណីនេះ បានកើតឡើងវេលាម៉ោង៨និង៣០នាទីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតក្នុងភូមិព្រែកប៉ុក ឃុំព្រែកស្តី ស្រុកកោះធំ ខេត្កកណ្តាល។
ជនរងគ្រោះឈ្មោះ ខុន សុខេន ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករមានទីលំនៅៗ ភូមិព្រែកប៉ុក ឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្តាល។
ប្រភពីក្រុមគ្រួសារបានឲ្យដឹងថា រយៈពេល៣ថ្ងៃមកហើយ ដែលជនរងគ្រោះ តែងតែទៅឆក់កណ្តុរនៅចំណុចដីចំការសណ្តែករបស់ខ្លួន ដើម្បីកុំឲ្យកណ្តុរចូលស៊ីគ្រាប់សណ្តែក លុះដល់យប់ទី៣ដែលជា ថ្ងៃកើតហេតុ វេលាម៉ោង៦ល្ងាច ជនរងគ្រោះបានចេញពីផ្ទះទៅ ឆក់កណ្តុរដូចរាល់ល្ងាច លុះដល់ម៉ោង៨និង៣០នាទីថ្ងៃដដែល ឪពុកជនរងគ្រោះ ឈ្មោះផល ខុន បាត់កូនយូរពេក ក៏ទូរសព្ទទៅចូលអត់លើក ហើយមានការសង្ស័យ ក៏ដើរទៅដីចំការ ស្រាប់តែឃើញកូនដួលនៅលើខ្សែលួស ស្លាប់បាត់ទៅហើយ ហើយក៏ត្រឡប់ទៅផ្ទះវិញប្រាប់បងប្អូនឲ្យទៅជួយយកសាកសពជនរងគ្រោះមកផ្ទះ រួចរាយការណ៍ជូនសមត្ថកិច្ច ។
ក្រោយពីបានទួលព័ត៌មាន ផ្នែកជំនាញបានចុះទៅដល់កន្លែងកើតហេតុ មានអាជ្ញារធមូលដ្ឋាន និងគ្រូពេទ្យលើសាកសពបានឲ្យដឹងថា សាកសពពុំមានស្លាកស្នាម ដែលពាក់ព័ន្ធអំពើឃាតកម្មនោះទេ ជនរងគ្រោះពិតជាស្លាប់ដោយសារត្រូវខ្សែភ្លើងឆក់ស្លាប់ពិតប្រាកដមែន។ ពិនិត្យចប់ សមត្ថកិច្ចបានប្រគល់សាកសពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕









មតិយោបល់