ព័ត៌មានបច្ចេកវិទ្យា

ធ្លាយព័ត៌មានថ្មី៖ គ្មាន iPhone 8 បំពាក់អេក្រង់កោង និងកញ្ចក់នៅខាងខ្នងទេ!

គ្មានឡើយ iPhone 8 ដែលនឹងមានរចនាបទថ្មីស្រឡាង បំពាក់អេក្រង់កោង និងកញ្ចក់នៅខាងខ្នងសម្រាប់អបអរខួប ១០ ឆ្នាំរបស់ iPhone នោះ ប៉ុន្តែ វានឹងជា iPhone 7s/ 7s Plus ដែលមានការបន្ថែមជម្រើសពណ៌ក្រហម និងការបង្កើនសមត្ថភាពកាន់តែខ្ពស់។ នេះបើយោងតាមព័ត៌មានបែកធ្លាយថ្មីមួយ ដែលត្រូវបានគេអះអាងថា ចេញពីប្រភពរោងចក្រ iPhone នៅតៃវ៉ាន់។

យោងតាមប្លុករបស់ជប៉ុនមួយឈ្មោះ Mac Otakara បានស្រង់ព័ត៌មានចេញពីប្រភពរោងចក្រផ្គត់ផ្គង់ គ្រឿងបន្លាស់របស់ iPhone នៅក្នុងទឹកដីតៃវ៉ាន់ ក្រុមហ៊ុន Apple នឹងចេញជំនាន់បន្ទាប់របស់ iPhone 7/ 7 Plus នៅឆ្នាំក្រោយ ដែលនឹងជា iPhone 7s/ 7s Plus ដោយរក្សារចនាបទសម្បកអាលុយមីញ៉ូម ជាមួយការផ្លាស់ប្តូរ សមាសភាពខាងក្នុងមួយចំនួន រាប់បញ្ចូលទាំងការបង្កើនសមត្ថភាពបន្ទះឈីបរបស់វាឱ្យឡើងដល់ជំនាន់ A11។

របាយការណ៍ដដែលបន្ថែមថា iPhone 7s/ 7s Plus នឹងមានជម្រើសពណ៌ក្រហម បន្ថែមពីលើពណ៌ដែលមានលើ iPhone 7/ 7 Plus បច្ចុប្បន្ន ដូចជា ខ្មៅរលោង ខ្មៅគ្រឹប មាស ផ្កាឈូក និងប្រាក់។

គួររំឭកថា Mac Otakara គឺជាប្លុកដំបូងគេដែលបានរាយការណ៍ថា iPhone 7 នឹងចេញមកដោយគ្មានការបំពាក់រន្ធដោតកាស ហើយនឹងមានពណ៌ខ្មៅរលោងបន្ថែម៕
ប្រភពព័ត៌មាន៖ macrumors

មតិយោបល់