ព័ត៌មានជាតិ

កងរយថៃ ចាប់ខ្លួនបុរសម្នាក់ ដែលឆ្លងដែនចូលលួចកាប់ឈើក្រញូង

ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងកងរយថៃលេខ៥៣១ ឈរជើងទល់មុខប៉ុស្តិ៍ច្រកផ្លូវ៥៦ ធ្វើការចាប់ខ្លួនបានកាលពីវេលាម៉ោង៦ល្ងាចថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៦ បន្ទាប់ពីជនសង្ស័យរូបនេះបានលួចឆ្លងដែន លួចកាប់ឈើក្រញូងនៅក្នុងទឹកដីថៃត្រង់និយាមការ WGS84TU (50021,42059) ពីព្រំដែនចូលក្នុងទឹកដីថៃប្រមាណ៣គីឡូ ដកហូតបានវត្ថុតាងមាន រណាដៃមួយខ្សែ និងឈើក្រញូង៤កំណាត់។

ក្រោយពីឃាត់ខ្លួនបានជនសង្ស័យខាងលើ នៅវេលាម៉ោង៨និង៣០នាទី ព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៦ ខាងទំនាក់ទំនងថៃ បានឡើងមកកាន់ប៉ុស្តិ៍៥៦ ដើម្បីទំនាក់ទំនងជាមួយវរៈ៨២៥ ចំពោះខាងលើនេះ លុះនៅវេលាម៉ោង៩ព្រឹក សមត្ថកិច្ចកម្ពុជាក៏បានចុះទៅជាមួយខាងទំនាក់ទំនងព្រំដែនថៃ ដល់កងរយ៥៣១ ដោយភាគីថៃ បានអនុញ្ញាតឲ្យសមត្ថកិច្ចកម្ពុជាធ្វើការសាកសួរចម្លើយ និងព័ត៌មានពីជនសង្ស័យដែលបានចាប់ខ្លួនខាងលើ ។

ជនដែលត្រូវចាប់ខ្លួននេះ មានឈ្មោះ កែវ ស ភេទប្រុស អាយុ៥៤ឆ្នាំ មានស្រុកកំណើតនៅភូមិកោះខ្លូត ឃុំកំពង់ត្រាច ស្រុកកំពង់ត្រាច ខេត្តកំពត បច្ចុប្បន្នស្នាក់នៅមិនពិតប្រាកដ មកដល់ឃុំថ្មដាស្នាក់នៅក្នុងវត្ត ពេលខ្លះស្នាក់នៅតាមផ្ទះប្រជជន តែក្រោយមកត្រូវបានឈ្មោះ យុទ្ធ រស់ នៅភូមិសង្គមថ្មី ឃុំថ្មដា ហៅទៅនៅជាមួយ ហើយក៏បានចូលរួមសកម្មភាពជាមួយគេ។ ដោយក្រុមរបស់ជនសង្ស័យមានគ្នាចំនួន៤នាក់ ទី១ឈ្មោះ យុទ្ធ ភេទប្រុស រស់នៅភូមិសង្គមថ្មី ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ទី២ឈ្មោះ ពែក រស់នៅភូមិប៉ែតសិប ឃុំអន្លង់រាប ស្រុកវាលវែង។ ទី៣ឈ្មោះ សុខ ភេទប្រុស រស់នៅភូមិប៉ែតសិប ឃុំអន្លង់រាប ស្រុកវាលវែង និងទី៤ឈ្មោះ កែវ ស ដែលត្រូវថៃចាប់ខាងលើ ។

ពាក់ពន្ធ័នឹងករណីនេះដែរ សមត្ថកិច្ចកម្ពុជា បានស្នើសុំជនសង្ស័យខាងលើ យកមកអនុវត្តតាមច្បាប់ក្នុងប្រទេសកម្ពុជាយើងដែរ តែភាគីថៃមិនព្រម ដោយប្រាប់ថា អនុវត្តតាមច្បាប់របស់ប្រទេសថៃ។ ចំណែក អ្នកដែលពាក់ពន្ធ័ ក្នុងបទល្មើសនេះ សមត្ថកិច្ចកំពុងសហការ ជាមួយប៉ូលិសរដ្ឋបាលឃុំថ្មដា ដើម្បីអនុវត្តន៍តាមផ្លូវច្បាប់៕

មតិយោបល់