ព័ត៌មានជាតិ

រថយន្តកូរ៉ូឡារបស់យានដ្ឋានGL បើកកៀរម៉ូតូដួល បុរសម្នាក់របួសស្រាល

ភ្នំពេញ: រថយន្តកូរ៉ូឡាមួយគ្រឿង ដែលគេស្គាល់ថា ជារថយន្តរបស់យានដ្ឋានGL ហើយសង្ស័យអ្នកបើកបរមានការធ្វេសប្រហែស ឬមិនដែលចូលសាលាបើកបរ ទើបការបើកបររបស់គាត់ស៊ីញ៉ូភ្លាមបត់ភ្លែត មិនគិតពីផលប្រឈមនៃការគ្រោះថ្នាក់ បានកៀរម៉ូតូសេ១២៥ មួយគ្រឿង ដួលដេកកណ្តាលផ្លូវ សន្លប់មួយសន្ទុះធំទើបដឹងខ្លួនវិញ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧ និង១០នាទី យប់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៣ មុខយានដ្ឋានGL ក្នុងភូមិស្រែជម្រៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ តែអ្វីប្លែកនិងហួសចិត្ត បែជា ម្ចាស់យានដ្ឋានឆ្លើយថាអត់ដឹងរថយន្តកៀរម៉ូតូ ថែមទាំងរារាំងអ្នកសារព័ត៌មានមិនឲ្យថតរូបភាពទៀតផង។

រថយន្តបង្កម៉ាក កូរ៉ូឡា ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 2B-3117 បើកបរដោយបុរសម្នាក់មិនស្គាល់ឈ្មោះ គ្រាន់តែដឹងថាជារថយន្តរបស់ថៅកែយានដ្ឋានGLដែលមានទីលំនៅកន្លែងកើតហេតុ មានស្រុកកំណើតភូមិត្រាំស្លឹក សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ ។ ចំណែកម៉ូតូរងគ្រោះ ម៉ាកហុងដា សេ១២៥ ស៊េរី២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FY-4904 បើកបរដោយបុរសម្នាក់ ។

តាមប្រភពនៅកន្លែងបានឲ្យដឹងថា មុនកើតហេតុ រថយន្តបង្កបើកលើកំណាត់ផ្លូវជាតិលេខ៣ ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនមធ្យម ហើយត្រូវបានម៉ូតូជនរងគ្រោះ បើកពីជើងទៅត្បូងស្របទិសគ្នា ឃើញរថយន្តបើកយឺតដែរក៏វ៉ា គ្រាន់តែមកដល់ទន្ទឹមគ្នា ស្រាប់តែរថយន្តបង្កបើកស៊ីញ៉ូភ្លាមបត់ភ្លែត ចូលទៅយានដ្ឋាន កៀរទាំងម៉ូតូនិងមនុស្សដួលរងរបួសសន្លប់មួយសន្ទុះ ទើបដឹងខ្លួនវិញ ហើយរថយន្តក៏មិនបានឈប់មើលដែរ បើកចូលទៅទុកក្នុងយានដ្ឋានធ្វើមិនដឹងហាក់បីដូចជាគ្មានរឿងអ្វីកើតឡើង រហូតដល់សមត្ថកិច្ចទៅអន្តរាគមន៍ ថៅកែយានដ្ឋានឆ្លើយថាអត់ដឹង មិនដឹងថាអ្នកណាបើកប៉ះ រថយន្តនៅក្នុងការ៉ាសទេ។ ភាសារបៀបនេះ ធ្វើឲ្យសមត្ថកិច្ច ធ្វើការពិនិត្យវិនិច្ច័យទៅលើរថយន្តឃើញថា មានស្នាមប៉ះកៀរថ្មីៗ ម៉ាស៊ីនក៏នៅក្តៅងំទៀត ។

ស្របពេលដែលហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើង អ្នកសារព័ត៌មានបានចុះទៅថតរូបភាព សាកសួរទៅតាមវិជ្ជាជីវ: និងតាមលទ្ធភាពរបស់ខ្លួន តែត្រូវបានម្ចាស់យានដ្ឋាន បញ្ចេញអំនួតអួតអាងរូបគេមានឪពុកជាមន្រ្តីយោធានិងបានរារាំងអ្នកសារព័ត៌មានមិនឲ្យថតរថយន្តបង្កនិងថតយានដ្ឋានរបស់គេ ហើយទង្វើបស់ថៅកែការ៉ាសបែបនេះត្រូវបានបងប្អូនប្រជាពលរដ្ឋ នៅឈរមើលហេតុការណ៍ និងកម្លាំងនគរបាល ថាឲ្យម្នាក់មួយមាត់ សិទ្ធិរបស់សារពត៌មាន ថតរូបតែ រឿង បញ្ហា ទៅតាមព្រំដែនរបស់អ្នកសារព័ត៌មានទេ ហើយរថយន្តនេះជារថយន្តបង្ក ហេតុអីអ្នកសារព័ត៌មានថតមិនបាន៕

មតិយោបល់