ព័ត៌មានជាតិ

ឃាត់ក្មេងទំនើង១០នាក់ យកមកអប់រំ ខណៈនាំគ្នាផ្លោះរបងសាលា

ភ្នំពេញៈ ក្មេងទំនើង១០នាក់ ត្រូវបាននាយកវិទ្យាល័យទួលប្រាសាទសែនសុខ ចាប់ឃាត់ខ្លួនប្រគល់មកឲ្យ​សមត្ថកិច្ចយកមកធ្វើការអប់រំ ខណៈដែលក្រុមក្មេងទាំងនោះ នាំគ្នាផ្លោះរបងចូលក្នុងសាលារៀន។ ហេតុការណ៍ផ្លោះរបងនេះ កើតឡើងកាលពីម៉ោង៤និង៣០នាទីល្ងាចថ្ងៃទី៨ ធ្នូ ២០១៦ ស្ថិតនៅវិទ្យាល័យទួលប្រាសាទសែនសុខ ភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។

ប្រភពពីសមត្ថកិច្ចបានប្រាប់ថា នៅម៉ោងខាងលើ លោកនាយកវិទ្យាល័យទួលប្រាសាទសែនសុខ បានឃាត់​ខ្លួន​ក្រុមក្មេងទំនើង១០នាក់ ដែលពួកគេបាននាំគ្នាលោតផ្លោះរបងចូលក្នុងវិទ្យាល័យដោយគ្មានការអនុញ្ញាត្ត និងបានទំនាក់ទំនងឲ្យ​សមត្ថកិច្ចចុះមកនាំខ្លួនក្រុមយុវជនខាងលើមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលឃ្មួញ ដើម្បីធ្វើការអប់រំ។

តាមសំដីលោកគ្រូក្នុងវិទ្យាល័យទួលប្រាសាទបានប្រាប់ថា សព្វថ្ងៃក្នុងវិទ្យាល័យនេះ លោកនាយកសាលាបានដាក់ពិន័យតឹងរឹងណាស់ រាល់ពេលដែលដល់ម៉ោងចូលរៀន ឬក៏សិស្សចេញលេងមិនត្រូវបានអនុញ្ញាតឲ្យ​ចេញក្រៅរបងវិទ្យាល័យឡើយ។ សូម្បីតែទ្វាររបងសាលាក៏ត្រូវបិទដែរ ប៉ុន្តែនៅម៉ោងខាងលើបែរជាឃើញក្រុមក្មេងទំនើងខាងលើនាំគ្នាផ្លោះរបងចូលក្នុងសាលាទៅវិញ ទើបលោកនាយកបញ្ជាឲ្យ​ចាប់ឃាត់ខ្លួនក្រុមក្មេងខាងលើយកមកប្រគល់ឲ្យ​សមត្ថកិច្ចតែម្តង។

តាមសំដីក្រុមក្មេងទំនើងខាងលើបានប្រាប់សមត្ថកិច្ចថា នៅមុនឃាត់ខ្លួន គឺក្រុមគេនាំគ្នាមករៀនគួរនៅក្នុងវិទ្យាល័យខាងលើ ក្រោយពីរៀនចប់បាននាំគ្នាមកផ្តុំ និងអង្គុយលេងមុខសាលាលុះដល់ម៉ោងខាងលើក៏នាំគ្នាបម្រុងចូលក្នុងសាលាវិញ ដើម្បីរកទិញអីហូប តែទ្វាររបងសាលាបិទ ក៏នាំគ្នាផ្លោះរបងចូលទៅ ក្រោយពីផ្លោះចូលហើយ ត្រូវលោកគ្រូចាប់តែម្តង។

បច្ចុប្បន្នក្រុមក្មេងទំនើងខាងលើ ក្រោយពីធ្វើការអប់រំចប់ក៏បានហៅអាណាព្យាបាលមកធ្វើការធានាឲ្យ​ត្រឡប់ទៅផ្ទះវិញ៕

មតិយោបល់