ព័ត៌មានជាតិ

ចេះជក់ថ្នាំញៀន២ខែ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន

កណ្តាលៈ យុវជនម្នាក់ ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ដើមមៀន ឃាត់ខ្លួនពីបទរក្សាទុកនូវសារធាតុញៀនខុសច្បាប់កាលពីវេលាម៉ោង១០និង៣០នាទី ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៦ ត្រង់ចំណុចលើផ្លូវលំខ្នងទំនប់ ស្ថិតក្នុងភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបានមានឈ្មោះ ឆេង គ្លីនទីន អាយុ១៧ឆ្នាំ ជាសិស្សនៃសាលាសេរីភាព ថ្នាក់ទី១១B មានទីលំនៅ ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។ ហើយដកហូតបានវត្ថុតាង ម្សៅក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀនមេតំហ្វេតាមីន(ម៉ាទឹកកកice)១កញ្ចប់តូច។

សមត្ថកិច្ចបន្តថា មុនពេលកើតហេតុ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍ដើមមៀនបានចុះល្បាតក្នុងភូមិសាស្រ្តរបស់ខ្លួន ក៏ប្រទះឃើញជនសង្ស័យដើរម្នាក់ឯង ខណៈនោះ សមត្ថកិច្ចបានហៅដើម្បីត្រួតពិនិត្យ រួចក៏ឆែកឃើញថ្នាំញៀន១កញ្ចប់តូចនៅក្នុងហោប៉ាវខោ ក៏ឃាត់ខ្លួនបញ្ជូនមកផ្នែកប្រឆាំងគ្រឿងញៀនតែម្តង។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ពិតជារបស់ខ្លួនមែន​ដោយបានទៅទិញនៅម្តុំឡឥដ្ឋ សង្កាត់ចាក់អង្រែក្រោម ក្នុងតម្លៃ១០ដុល្លារ ពីជនម្នាក់ឈ្មោះហុង​​ ដែលមានទីលំនៅម្តុំនោះ អាយុប្រហែល២៥ឆ្នាំ ហើយខ្លួនទើបតែចេះប្រើប្រាស់ថ្នាំញៀននេះរយៈពេលត្រឹមតែ២ខែប៉ុណ្ណោះ។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួន និងកសាងសំណុំរឿងបន្តចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់