ព័ត៌មានកីឡា

Arsene Wenger ​ថា​មិន​លក់ Ozil ​ឬ Sanchez ​ទេ ​ទោះ​ពួកគេ​មិន​ត​កុងត្រា​ក៏​ដោយ

លោក Arsene Wenger ​អ្នក​ចាត់ការ​ក្រុម Arsenal ​បាន​ចេញ​មក​បញ្ជាក់​ថា​លោក​មិន​លក់ Mesut Ozil ​ឬ Alexis Sanchez ​ទៅ​ឱ្យ​ក្លឹប​ណា​នោះ​ទេ ​បើ​ទោះ​ជា​ពួកគេ​ទាំង​ពីរ​នាក់​មិន​បន្ត​កុងត្រា​ថ្មី​ក៏​ដោយ។

នេះ​មាន​ន័យ​ថា​អ្នក​ចាត់ការ​រូប​នេះ ​នឹង​ឱ្យ​កីឡាករ​ទាំង​ពីរ​លេង​នៅ​ក្លឹប Arsenal ​រហូត​ដល់​អស់​កុងត្រា​តែ​ម្ដង ​ប្រសិន​បើ​ពួកគេ​មិន​ព្រម​ត​ជាមួយ​កុងត្រា​ថ្មី​ទេ​នោះ។ Ozil ​ក៏​ដូចជា​ Sanchez ​នៅ​សល់​កុងត្រា​ចាស់​តេ​១៨​ខែ​ទៀត​ប៉ុណ្ណោះ ​ខណៈ​ដែល​ក្លឹប​កាំភ្លើង​ធំ​ក៏​បាន​ព្យាយាម​បន្ត​កុងត្រា​ដល់​កីឡាករ​សំខាន់​ទាំង​ពីរ​នាក់​នេះ​ដែរ។

ដោយ​ឡែក​ការ​មិន​ទាន់​អាច​បន្ត​កុងត្រា​ថ្មី​នេះ គឺ​ដោយសារ​តែ​កីឡាករ​ពីរ​នាក់​នេះ​សុទ្ធ​តែ​ចង់​បាន​តម្លៃ​ប្រាក់​ឈ្នួល​ប្រចាំ​សប្ដាហ៍​ច្រើន​ជាង​មុន​ទាំងអស់ ​ពោល​គឺ Sanchez ​ត្រូវ​បាន​គេ​រាយការាណ៍​ថា​ចង់​បាន​ ២០០ ០០០​ផោន​ក្នុង​សប្ដាហ៍ ​ខណៈ​ដែល Ozil ​វិញ ក៏​ត្រូវ​ការ​ប្រហាក់​ប្រហែល​នេះ​ដែរ។

សូម​បញ្ជាក់​កុងត្រា​ចាស់​របស់​កីឡាករ​ទាំង​ពីរ​ខាង​លើ​នេះ ​គឺ​ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​ឈីលី​រក​បាន​១៣០ ០០០​ផោន​ក្នុង​មួយ​សប្ដាហ៍ ​ខណៈ​ដែល​ខ្សែ​បម្រើ​ជម្រើស​ជាតិ​អាល្លឺម៉ង់​វិញ ​រក​បាន ១៤០ ០០០​ផោន​ក្នុង​១​សប្ដាហ៍។ ដោយសារ​តែ​ប្រាក់​ឈ្នួល​តិច​ដូច្នេះ​ហើយ បាន​ជា​ពួកគេ​ចង់​ចាកចេញ ​ហើយ​មាន​ក្លឹប​ជា​ច្រើន​កំពុង​តែ​ចាប់អារម្មណ៍​ចង់​បាន ​ប្រសិន​បើ​ក្រុម Arsenal ​ព្រម​លក់​ឱ្យ៕

មតិយោបល់