ភ្នំពេញៈ រថភ្លើងមួយគ្រឿង បានបុករថយន្តក្រឡុកស៊ីម៉ង់ត៍ម៉ាក OTRUK ពេញទំហឹងបណ្តាលឲ្យក្រឡាប់ផ្ងារជើង។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង៩និង១០នាទីព្រឹក ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតតាមបណ្តោយផ្លូវរថភ្លើង ក្នុងភូមិត្រាញ់តាបាញ់ សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ប្រភព័ត៌មានពីអ្នកបើករថភ្លើងសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា នៅមុនពេលកើតហេតុគាត់បានក្រឡេកឃើញរថយន្តក្រឡុកស៊ីម៉ង់ត៍ ម៉ាក OTRUk ក្បាលពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 5A-0975 ចតនៅស្ងៀមបែរមុខទៅត្បូងក្បែរផ្លូវរថភ្លើង ស្របពេលនោះស្រាប់តែមានរថភ្លើង ពណ៌ទឹកក្រូច លេខសម្គាល់ BB I004 ធ្វើដំណើរដោយបានស៊ីផ្លេតាំពី១០០ម៉ែត្រជាង ប៉ុន្តែមិនដឹងយ៉ាងម៉េចពេលរថភ្លើងមកកាន់តែកៀករថយន្តក្រឡុកសីម៉ង់ត៍ក៏បត់ក្បាលទៅកើតឆ្លងផ្លូវរថភ្លើងបានពាក់កណ្តាលដោយអ្នកបើកបររថភ្លើងខំជាន់ហ្វ្រាំងប្រហែលជា៣០ទៅ៤០ម៉ែត្រហើយនៅតែមិនជាប់ ទើបបុកចំចង្កេះរថយន្តក្រឡុកស៊ីម៉ង់ត៍ បណ្តាលក្រឡាប់ផ្ងារជើងតែម្តងសំណាងល្អគ្មានអ្នករបួស។
ក្រោយពេលកើតហេតុតំណាងខាងរថភ្លើង បានមកដល់កន្លែងកើតហេតុដើម្បីដោះស្រាយតាមសន្តិវិធីជាមួយភាគីតំណាងខាងរថយន្ត។ចំណែកតៃរថយន្តក្រោយពីកើតហេតុក្រឡាប់រថយន្តក្រឡុកស៊ីម៉ង់ត៍ផ្ងារជើងមួយសន្ទុះ ក៏រត់គេចខ្លួនបាត់ស្រមោល៕
https://youtu.be/AQ5-BeFsjaQ
មតិយោបល់