ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យ៥នាក់ ជាប់ពាក់ព័ន្ធការជួញដូរ និងប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់

ភ្នំពេញ: កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ទួលសង្កែ ធ្វើការជិះល្បាតនៅក្នុងមូលដ្ឋាន ហើយក៏សង្ស័យធ្វើការឃាត់ខ្លួនជនសង្ស័យបានជាបន្តបន្ទាប់ចំនួន៥នាក់ ព្រមទាំងដកហូតថ្នាំញៀនចំនួន ២២កញ្ចប់តូចធំ និងម៉ូតូ មួយគ្រឿង ២កន្លែងផ្សេងគ្នា។

លោក នង សាបុង នាយប៉ុស្តិ៍ស្តីទីទួលសង្កែ បានប្រាប់ឲ្យដឹងថា ករណីទី១ នៅវេលាម៉ោង ៤ទៀបភ្លឺ ឈានចូលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវលេខ៧០ ត្រង់ចំណុចមុខផ្ទះគ្មានលេខ ក្រុម១ ភូមិបាក់ទូក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ដោយនោះ សមត្ថកិច្ចយើងបានឃាត់ខ្លួនជននសង្ស័យ ២នាក់ ទី១-ឈ្មោះ មឿង រស្មី ភេទប្រុស អាយុ ៤២ឆ្នាំ មុខរបរ មិនពិតប្រាដក (ជួញដូរ) ស្នាក់នៅផ្ទះលេខ៤១១២ ផ្លូវលេខ៨០ សង្កាត់ស្រះចក ខណ្ឌដូនពេញ, ទី២-ឈ្មោះ ធួន ធឿម ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរ ជាសំណង់ (ប្រើប្រាស់) ស្នាក់នៅផ្ទះជួល តាមបណ្តោយផ្លូវរថភ្លើង ភូមិបាក់ទូក សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ។ ចំណែកឯករណីទី២ នៅវេលាម៉ោង ២និង១៥នាទីយប់រំលងអាធ្រាត្រ ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវបេតុង ចំណុចផ្ទះគ្មានលេខ ភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែ២ ខណ្ឌឫស្សីកេវ ដោយឃាត់ខ្លួនសង្ស័យ ៣នាក់ ទី១-ឈ្មោះ លឹម សូលីហ្សា ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ (ប្រើប្រាស់) ស្នាក់នៅបន្ទប់ជួល ផ្លូវលេខ២៧១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ, ទី២-ឈ្មោះ អ៊ីងហួរ ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ (ប្រើប្រាស់) ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិទួលសំពៅ ខណ្ឌឫស្សីកែវ និងទី៣-ឈ្មោះ ស៊ិន កុសល់ ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរ ជាងម៉ាស៊ីនត្រជាក់ (ប្រើប្រាស់) ស្នាក់នៅភូមិកោះនិរា សង្កាត់និរោទ៍ ខណ្ឌច្បារអំពៅ ហើយក្នុងនោះសមត្ថកិច្ចយើងបានដកហូតថ្នាំញៀន មួយកញ្ចប់។

លោក នង សាបុង បានបន្តទៀតថា នៅវេលាម៉ោងខាងលើ គឺកម្លាំងល្បាតរបស់ខណ្ឌឫស្សីកែវ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ទួលសង្កែ បានធ្វើការជិះល្បាតនៅក្នុងមូលដ្ឋាន ដើម្បីការពារសន្តិសុខជាបងប្អូនប្រជាពលរដ្ឋ ស្រាប់តែប្រទះឃើញជនសង្ស័យខាងលើ ហើយសមត្ថកិច្ចយើងបានធ្វើការឃាត់ខ្លួនជាបន្តបន្ទាប់ ដោយមានការសង្ស័យ ក៏ឃាត់ខ្លួនសាកសួរ និងឆែកឆេរត្រួតពិនិត្យរកឃើញម្សៅក្រាមពណ៌សថ្លាចំនួន ២២កញ្ចប់តូច ដោយក្នុងនោះមាន ១កញ្ចប់ធំ។ ក្រោយមក សមត្ថកិច្ចយើងបានឃាត់ខ្លួន និងយកទៅសួរនាំនៅប៉ុស្តិ៍នគរបាលទួលសង្កែ។

បច្ចុប្បន្នជនសង្ស័យចំនួន ៥នាក់ខាងលើ រួមនឹងវត្ថុតាង ត្រូវកម្លាំងសមត្ថកិច្ចឃុំខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋានខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមនិតីវិធីច្បាប់៕

//youtu.be/AFJgabN00lg

មតិយោបល់