ភ្នំពេញៈ បុរស២នាក់ រួមនឹងគ្រឿងញៀនចំនួន១៨កញ្ចប់តូច ត្រូវកម្លាំងនគរបាលខណ្ឌមានជ័យ សហការជាមួយនិងកម្លាំងនគរបាលប៉ុស្តិ៍ចាក់អង្រែលើ ដឹកនាំដោយយលោកវរសេនីយ៍ត្រី ម៉េង វិមានតារា អធិការរងនគរបាលខណ្ឌមានជ័យ បានឆ្មក់ចុះបង្ក្រាបបានជាក់ស្តែងនៅក្នុងតំបន់មិនរៀបរយមួយកន្លែង ដែលស្ថិតនៅតាមបណ្តោយផ្លូវ ៦០ម៉ែត្រ ។
ប្រតិបត្តិការនេះ ធ្វើឡើងកាលពីវេលាម៉ោង៤រសៀលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចមុខផ្ទះគ្មានលេខ ក្នុងតំបន់មិនរៀបរយផ្លូវ៦០ម៉ែត្រ ភូមិព្រែកតាគង់ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
លោក ម៉េង វិមានតារា អធិការរងនគរបាលខណ្ឌមានជ័យបានប្រាប់ឱ្យដឹងថា ជនសង្ស័យទី១.ឈ្មោះ សាង ថៃស៊ីង អាយុ១៩ឆ្នាំ មុខរបរ និងទីលំនៅមិនពិតប្រាកដ និងទី២.ឈ្មោះ ហ៊ិន ត្រា អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិអណ្តូង ឃុំនគររាជ ស្រុកព្រះស្តេច ខេត្តព្រៃវែង។
លោកបន្តថា មុនពេលកើតហេតុ លោកបានដឹកនាំកម្លាំងធ្វើការល្បាតនៅក្នុងភូមិសាស្ត្ររបស់ខណ្ឌមានជ័យ លុះមកដល់ចំណុចខាងលើ ក៏បានប្រទះឃើញជនសង្ស័យទាំង២នាក់កំពុងតែឈររេរា ដោយមានការសង្ស័យកម្លាំងបានធ្វើការឃាត់សួរនាំ និងឆែកឆេររកឃើញគ្រឿងញៀនចំនួន១៨កញ្ចប់តូច។
ក្រោយកើតហេតុ ជនសង្ស័យ រួមទាំងគ្រឿងញៀនទាំង១៨កញ្ចប់តូច ត្រូវបាននាំទៅកាន់ប៉ុស្តិ៍នគរបាលចាក់អង្រែលើ ដើម្បីធ្វើការសាកសួរ និងបញ្ជូនបន្តទៅកាន់អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ចាត់ការទៅតាមផ្លូវច្បាប់៕







មតិយោបល់