ព័ត៌មានបច្ចេកវិទ្យា

ក្រុមហ៊ុន Microsoft ទិញយកក្រុមហ៊ុន LinkedIn បានសម្រេចក្នុងតម្លៃមិនគួរឲ្យជឿ!

ការរង់ចាំជាយូរបានមកដល់ហើយ ឥឡូវនេះក្រុមហ៊ុន Microsoft បានក្លាយជាម្ចាស់ក្រុមហ៊ុន LinkedIn ជាផ្លូវការហើយ ដោយក្រុមហ៊ុន Microsoft បានបោះទុនលុយ ២៦,២ ពាន់លានដុល្លារទិញយកក្រុមហ៊ុន LinkedIn សម្រាប់ជំនួញបណ្តាញសង្គម វាជាការទិញយកដ៏ធំជាងគេបំផុត សម្រាប់ក្រុមហ៊ុនបច្ចេកវិជ្ជា យក្សមួយនេះ។

លោកនាយកប្រតិបត្តិ LinkedIn មានឈ្មោះថា Jeff Weiner បានធ្វើការបង្ហោះនៅលើគេហទំព័រមួយថា «ខ្ញុំមានទំនុកចិត្តខ្ពស់ជាងពេលណាទាំងអស់ ដែលការប្រព្រឹត្តពេលនេះ ធ្វើឡើងដើម្បីរួមកម្លាំងជាមួយក្រុមហ៊ុន បច្ចេកវិជ្ជាយក្ស នឹងពន្លឿនបេសកម្មរបស់ពួកយើង ក្នុងការតភ្ជាប់ទំនាក់ទំនងទៅកាន់ អ្នកឯកទេសខ្លាំងៗ ដើម្បីបង្កើតបាននូវសមិទ្ធផល និងភាពជោគជ័យ ហើយជាចុងក្រោយបង្អស់ គឺជួយបង្កើតឱកាសសេដ្ឋកិច្ច សម្រាប់រាល់គ្រប់សមាជិក ដែលជាកម្លាំងការងារស្ថិតនៅជុំវិញពិភពលោក » ។

រីឯក្រុមហ៊ុន Microsoft វិញបានថ្លែងថា ក្រុមហ៊ុន LinkedIn បានក្លាយជាអ្នកផ្គត់ផ្គង់ដ៏សំខាន់មួយ សម្រាប់ការធ្វើជំនួញ សេវាផ្ទុកឯកសារលើបណ្តាញ រាប់បញ្ចូលទាំង Office 365 របស់គេផងដែរ។ ក្រុមហ៊ុនទាំងពីរបាននិយាយព្រមគ្នាថា ពួកគេមានគម្រោងធ្វើការជាមួយគ្នា លើបច្ចេកវិជ្ជា បញ្ញាញាណនិមិត្ត (Artificial Intelligence) ម៉ាស៊ីនរៀនដោយខ្លួនឯង (Machine Learning) The Cloud (ការផ្ទុកទិន្ន័យលើបណ្តាញ) Device (ឧបករណ៍ប្រើប្រាស់) និងផ្សេងៗជាច្រើនទៀត៕

មតិយោបល់