កំពង់ចាម: ត្រឹម ១សប្ដាហ៍ សោះ ក្រុមចោរប្រដាប់អាវុធវែងខ្លី បានធ្វើសកម្មភាពប្លន់ ផ្ទះថៅកែស្វាយចន្ទី និងថៅកែដំឡូងមី នៅក្នុងទឹកដី ខេត្តកំពង់ចាម យកលុយអស់រាប់ម៉ឺនដុល្លារ សមត្ថកិច្ច មិនទាន់បំបែកសំណុំរឿង បានទេ ហើយថែមទាំង ព្យាយាមបិទបាំងពត៌មាន ទៀតផង។
ករណីប្លន់ប្រដាប់អាវុធលើកទី១ បានកើតឡើង កាលពីវេលាម៉ោង០៧យប់ ថ្ងៃទី២៥ មេសា ២០១៦ ស្ថិតនៅក្នុងភូមិអន្លង់ស្នូក ឃុំអូរស្វាយ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ដែលក្រុមចោរមានគ្នា ៣នាក់ ប្រដាប់ដោយអាវុធវែងខ្លី ចំនួន ២ដើម ស្លៀកពាក់ស៊ីវិល មុខមានពាក់ម៉ាស់ បានធ្វើសកម្មភាពភ្ជង់ប្លន់ ផ្ទះថៅកែដំឡូងមី ដោយយកខ្សែលួស ចងដៃស្ត្រីរងគ្រោះ និងវាយដំគម្រាមប្លន់ ដែលប្រើប្រាស់ដែកក្រចកជើងជ្រូក គាស់បំបែកគ្រែប្រអប់ យកលុយ និងគ្រឿងអលង្ការ សរុបអស់ជាង ៧ម៉ឺនដុល្លារ គ្រាដែលស្ត្រីរងគ្រោះឈ្មោះ ហឹម ហយ អាយុ ៥០ឆ្នាំ នៅផ្ទះតែម្នាក់ឯង ហើយក្រុមចោរ បាននាំគ្នាគេចខ្លួន ដោយសុវត្ថិភាព។
ចំពោះករណីប្លន់ ប្រដាប់អាវុធ ជាលើកទី២ ប្រហាក់ប្រហែលនឹងករណីទី១ ដែរ ដែលត្រូវគេសង្ស័យថា ជាក្រុមចោរតែ១ បានកើតឡើងកាលពីវេលាម៉ោងជាង១០ យប់ថ្ងៃទី២ ឧសភា ២០១៦ ស្ថិតនៅក្នុងភូមិស្ពឺក ឃុំជយោ ស្រុកចំការលើ ខេត្តកំពង់ចាម ដែលក្រុមចោរមានគ្នាចំនួន ៤នាក់ ប្រដាប់ដោយអាវុធវែង ១ដើម និងខ្លី ២ដើម ស្លៀកពាក់ស៊ីវិល មុខមានពាក់ម៉ាស់ បានធ្វើសកម្មភាពផ្លោះរបងចូលក្នុងផ្ទះ ថៅកែស្វាយចន្ទី ហើយយកកាំភ្លើង AK ភ្ជង់ និងយកខ្សែលួសចងដៃ បុរសជាម្ចាស់ផ្ទះឈ្មោះ នូ ផេង អាយុ ៤៨ឆ្នាំ និងយកកាំភ្លើងខ្លី វាយក្បាលស្ត្រីរងគ្រោះឈ្មោះ កាន សុភា អាយុ ៤២ឆ្នាំ បណ្ដាលឲ្យបែកក្បាលហូរឈាម បន្ទាប់មកក្រុមចោរ ចំនួន ៣នាក់ ដែលនៅខាងក្នុងផ្ទះ បានប្រមូលយកលុយ និងគ្រឿងអលង្ការ សរុបជិត ៣ម៉ឺនដុល្លារ ហើយនាំគ្នាគេចខ្លួនបាត់ ។
ក្រោយពីមានករណីប្លន់កើតឡើង ជនរងគ្រោះ បានប្តឹងទៅសមត្ថកិច្ច ឲ្យមកជួយអន្តរាគមន៍ភ្លាមៗ ផងដែរ តែនៅមិនទាន់កំណត់មុខសញ្ញា ឃើញនៅឡើយ។
សូមបញ្ជាក់ផងដែរថា ក្រោយពីមានករណីប្លន់កើតឡើង ក្រុមការងារយើង បានទូរស័ព្ទសួរទៅលោក ស ចំរើន ហៅ ហុង នាយប៉ុស្តិ៍នគរបាល រដ្ឋបាល ឃុំជោយោ ភ្លាមៗដែរ តែលោកឆ្លើយថា មិនបានដឹងទេ ព្រោះជាប់រវល់ទៅភ្នំពេញ ចំណែកលោក អិត ដារ៉ា អធិការនគរបាល ស្រុកចំការលើ បានទូរស័ព្ទមក សុំឲ្យអ្នកសារព័ត៌មាន កុំទាន់ផ្សាយព័ត៌មាន ទុកឲ្យសមត្ថកិច្ចស៊ើបអង្គេត ជាមុនសិន។
ទោះជាយ៉ាងណា បច្ចុប្បន្នសមត្ថកិច្ច កំពុងតែធ្វើការស៊ើបអង្កេតស្រាវជ្រាវ លើករណីប្លន់ប្រដាប់អាវុធ ជាបន្តបន្ទាប់ ដែលបានកើតឡើង នៅក្នុងមូលដ្ឋានរបស់ខ្លួននេះ ផងដែរ៕
មតិយោបល់