កំពង់ធំៈ ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ ដែលតែងក្រើនរំលឹក និងដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ដល់កងកម្លាំងនគរបាលគ្រប់បណ្ដាអង្គភាព ចំណុះឲ្យស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ត្រូវធ្វើការបែងចែកផ្លាស់ប្ដូរវេនប្រចាំការណ៍ ២៤ ម៉ោងលើ ២៤ ម៉ោង សម្រាប់ត្រៀមកិច្ចអន្តរាគមន៍ ដល់ប្រជាពលរដ្ឋ ទាន់ពេលវេលានៅ ពេលដែលប្រជាពលរដ្ឋ រងគ្រោះក្នុងហេតុការណ៍ ណាមួយដែលអាចកើតឡើងដោយយថាហេតុ ។
រសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ អគ្គិភ័យបានឆាបឆេះកញ្រ្ជាំង យ៉ាងសន្ធោសន្ធៅ ធ្វើឲ្យភ្ញាក់ផ្អើលជ្រួលច្របល់ពីប្រជាជន ជាពិសេស
ម្ចាស់ស្រែប្រាំងដែលបានបង្ករបង្កើនផល និងពុំទាន់បានប្រមូលយកទិន្នផលយកមកទុកដាក់នៅទីកន្លែងមានសុវត្ថិភាព ។
ករណីអគ្គិភ័យនេះបានកើតឡើងនៅខាងជើងភូមិ ពោធិ៍ទ្រេត ឃុំ សំបូរ ស្រុក ប្រាសាទសំបូរ ខេត្តកំពង់ធំ ភ្លាមៗនោះ លោកវរសេនីយ៍ត្រី ឃួន វុទ្ធី អធិការនគរបាលស្រុកប្រាសាទសំបូរ បានដឹកនាំកងកម្លាំងជំនាញទទួលកិច្ចការបង្ការ ពន្លត់អគ្គិភ័យ និងសង្រ្គោះប្រមាណជិត ២០នាក់ ដោយនាំយករថយន្តពន្លត់អគ្គិភ័យចំនួន ០១គ្រឿង ចុះអន្តរាគមន៍ ពន្លត់ តែដោយសារស្ថានភាពផ្លូវមានការលំបាក់ សម្រាប់រថយន្តអគ្គិភ័យ ចូលពន្លត់បាន លោកវរសេនីយ៍ត្រី ឃួន វុទ្ធី អធិការ បានមានចំណាត់ការយកត្រាក់ទ័រចំនួន ០២ គ្រឿង ឈូសរុញភ្ជួរកញ្រ្ជាំងចេញដើម្បីទប់ស្កាត់កុំឲ្យអគ្គិភ័យឆេះរាលដាលបន្តទៅមុខទៀត ។
ក្នុងកិច្ចប្រតិបត្តិការនេះដែរកងកម្លាំងយើងបានសាមគ្គីគ្នាពន្លត់អគ្គិភ័យឲ្យរលត់ទាន់ពេលវេលា មិនបណ្ដាលឲ្យឆេះរាលដាលបាត់បង់ ផលប្រយោជន៍ របស់ប្រជាជនណាមួយឡើយ ។
លោក ឃ្លាំង ឌី ជាម្ចាស់ស្រែប្រាំង និងតំណាងអោយកសិករដែលធ្វើកសិកម្ម ផលិតស្រូវប្រាំងនៅតំបន់នោះ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់កងកម្លាំងនគរបាលគ្រប់ជាន់ថ្នាក់ ជាពិសេសលោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ និងកងកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកប្រាសាទសំបូរដែលបានចុះជួយអន្តរាគមន៍ទាន់ពេលវេលាមិនបង្ករអោយអគ្គិភ័យឆេះបំផ្លាញដំណាំ របស់ពួកគាត់៕
មតិយោបល់