ព័ត៌មានជាតិ

បុរសម្នាក់ ត្រូវគ្រឿងចក្រចាប់ទូកុងតឺន័រ កិនដាច់ខ្លួនជាពីរ​ ​បណ្តាលឲ្យស្លាប់​ភ្លាមៗ

កម្មករ​ក្រុមហ៊ុន​ផែ​ស្ងួត សុកន ត្រេនស្ព័ត ម្នាក់ បាន​ស្លាប់​ភ្លាមៗ យ៉ាង​អាណោចអាធ័ម ខណៈ​កំពុង​ឈរ​ភ្លេចខ្លួន ត្រូវ​គ្រឿងចក្រ ប្រភេទ​សាឃ័រ ចាប់​លើក​ទូ​កុងតឺន័រ រ៉ឺយ៊ែរ​ថយក្រោយ កិន។

ហេតុការណ៍​ដ៏​រន្ធត់​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ១ និង ៤៥ នាទី​រសៀល ថ្ងៃ​ទី ១៣ ខែ​កុម្ភៈ ឆ្នាំ ២០២២ នៅ​ក្នុង​ក្រុមហ៊ុន​ផែស្ងួត សុកន ត្រេនស្ព័ត ស្ថិត​តាម​ផ្លូវ ៣០ ម៉ែត្រ ខាងជើង​ផ្សារ​ទួល​ពង្រ ភូមិ​ទួល​ពង្រ សង្កាត់​ចោមចៅ​ទី ១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ។

ជនរងគ្រោះ​ឈ្មោះ ទុំ ចាន់​ស៊ី ភេទ​ប្រុស អាយុ ៤០ ឆ្នាំ មុខរបរ​កម្មករ​ក្រុមហ៊ុន​ផែស្ងួត សុកន ត្រេន​ស្ព័ត មាន​ស្រុកកំណើត​ភូមិ​ព្រែក​ខ្សេវ ឃុំ​រកា​ខ្ពស់ ស្រុក​ស្អាង ខេត្ត​កណ្តាល។

តាម​ប្រភព​ពី​កម្មករ​លើកដាក់​អីវ៉ាន់ បាន​ឲ្យ​ដឹង​ថា មុន​កើតហេតុ ខណៈ​ដែល​កម្មករ​មួយ​ក្រុម​នាំគ្នា​ធ្វើការ​លើក​ដាក់​ទូ​កុងតឺន័រ ក្នុង​បរិវេណ​ក្រុមហ៊ុន ដោយ​គ្រឿងចក្រ​ប្រភេទ សាឃ័រ ចាប់​ទូ​លើក រ៉ឺយ៊ែ​រ​ថយក្រោយ ស្រាប់តែ​ជ្រុល​កិន​កម្មករ​ម្នាក់ បណ្តាល​ឲ្យ​ស្លាប់ ដាច់​ខ្លួន​ជា​ពីរ​កំណាត់។

តាម​ប្រភព​ពី​ប្រជាពលរដ្ឋ បាន​ឲ្យ​ដឹង​ថា ក្រោយ​កើតហេតុ​ភ្លាមៗ ខាង​ក្រុមហ៊ុន​ប្រញាប់ប្រញាល់​ដឹក​សព​ទៅ​ស្រុកកំណើត​ភ្លាមៗ​ផង​ដែរ។ ចំពោះ​ផ្លូវច្បាប់ ដំណោះស្រាយ​យ៉ាងណា​នោះ ខាង​ក្រុមហ៊ុន​ទទួល​ខុស​ត្រូវ​ទាំងស្រុង៕

មតិយោបល់