ភ្នំពេញៈ រថយន្តធន់ត្រា មួយគ្រឿងបើកបរក្នុងល្បឿនលឿនរេពេញផ្លូវ ខណៈមកដល់មុខផ្សារស្ទឹងមានជ័យក៏បានជ្រុលចង្កូតរេទៅបុកខឿនថ្ម ចែកទ្រូងផ្លូវនិងបន្តបុកបង្កោលភ្លើង បណា្តលឲ្យបាក់ធ្លាក់ពេញផ្លូវ ចំណែកឯរថយន្តបែកកង់នឹងធ្លាយប្រេងហូរពេញផ្លូវទៅមុខមិនរួច កាលពីវេលាម៉ោង៣ ទាបភ្លឺថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៦ តាមបណ្តោយផ្លូវ២១៧ ស្ថិតនៅក្នុងសង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
តាមសម្តីរបស់ប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្តមួយគ្រឿងម៉ាកធន់ត្រា ពណ៌ស ក្នុងនោះមាន បុរស២នាក់ និងនារី៣នាក់ ស្រវឹងស្រាបើកបរក្នុងល្បឿនលឿនរេពេញផ្លូវ ខណៈមកដល់ចំណុចកើតហេតុខាងលើ ក៏បានរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ និងបុកបង្កោលភ្លើងបំភ្លឺផ្លូវ បណ្ដាលឲ្យបាក់ធ្លាក់មកដីនិងដាច់ខ្សែរភ្លើងធ្លាក់ចុះមកខាងក្រោមអាចបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋដែលធ្វើដំណើរនៅតាមផ្លូវនោះ។
ក្រោយពេលកើតហេតុ ម្ចាស់រថយន្តនិងសមាជិករួមដំណើរក្នុងរថយន្ត៤នាក់ទៀតបានដាក់មេប្រូចបាត់ស្រមោលបន្សល់ទុកនៅថយន្តដែលបែកកង់ និងហូរប្រេងម៉ាស៊ីននៅកន្លែងកើតហេតុត្រូវបានសមត្ថកិច្ចបានចុះមកធ្វើការវាស់វែង នាំយក ទៅរក្សាទុកនៅការិយាល័យនៃស្នងការដ្ឋាននគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីរង់ចាំម្ចាស់រថយន្តមកធ្វើការដោះស្រាយទៅតាមផ្លូវច្បាប់៕
មតិយោបល់