ព័ត៌មានជាតិ

ម៉ូតូ Honda Dream ២គ្រឿងព្រលះគ្នាពេញទំហឹង របួស៣នាក់

កណ្តាលៈ គ្រោះថ្នាក់ចរាចរមួយបានកើតឡើងរវាងម៉ូតូនឹងម៉ូតូ បណ្តាលឲ្យមនុស្សចំនួន៣នាក់រងរបួសធ្ងន់ស្រាល កាលពីវេលាម៉ោង១០និង៥នាទី ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៦ ត្រង់ចំណុចមុខផ្ទះលក់គ្រឿងសំណង់យីហោ ង៉ូវ ងួនហេងII លើផ្លូវជាតិលេខ២ ស្ថិតក្នុងភូមិដើមគ សង្កាត់ដើមមៀន ក្រុងតាខ្មៅ។

សមត្ថកិច្ចបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរនេះ បង្កដោយម៉ូតូម៉ាក Honda Dream C125 ពណ៌ខ្មៅ សេរី2015 ពាក់ស្លាកលេខ ភ្នំពេញ 1CW-4164(គ្មានកញ្ចក់មើលក្រោយនិងមិនពាក់មួកសុវត្ថិភាព) បើកបរដោយឈ្មោះ ផាត សុខហេង ភេទប្រុស អាយុ២៩ឆ្នាំ(របួសធ្ងន់បាក់ស្មងជើងស្តាំ) មានទីលំនៅក្នុងភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ និងអ្នករួមដំណើរពីក្រោយឈ្មោះ គាំ វិច្ឆិកា ភេទប្រុស អាយុ២៨ឆ្នាំ(របួសស្រាល)មានទីលំនៅក្នុងភូមិ ឃុំជាមួយអ្នកបើកបរខាងលើ ហើយ បើកបរក្នុងទិសដៅឆ្លងផ្លូវពីលិចមកកើត(បត់ឆ្វេង)(បញ្ច្រាសផ្លាកសញ្ញាហាមចូល)មកដល់ចំណុចខាងលើបានបុកជាមួយម៉ូត ម៉ាក Honda Dream C125 ពណ៌ខ្មៅ ស៊េរី2014 ពាក់ស្លាកលេខ ភ្នំពេញ 1CR-5648(មានកញ្ចក់មើលក្រោយតែមិនពាក់មួកសុវត្ថិភាព)បើកបរដោយឈ្មោះ សឿន សុខធូ ភេទប្រុស អាយុ២១ឆ្នាំ (របួសធ្ងន់) មានទីលំនៅក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ធ្វើដំណើរក្នុងទិសដៅគ្នាពីជើងមកត្បូង។

បច្ចុប្បន្ន អ្នកបើកបរម៉ូតូទាំង២នាក់ដែលរងរបួសធ្ងន់ ត្រូវបានសាច់ញាតិដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកជ័យជំនះ។ រីឯមធ្យោបាយទាំង២ ត្រូវបានសមត្ថកិច្ចយកមកកាន់អធិការដ្ឋានក្រុងតាខ្មៅដើម្បីចាត់ចែងតាមនីតិវិធី៕

មតិយោបល់