ភ្នំពេញៈ សមត្ថកិច្ចខណ្ឌឫស្សីកែវ សហការជាមួយកម្លាំងប៉ុស្តិ៍ និងប្រជាការពារសង្កាត់ឫស្សីកែវ បានធ្វើការជិះល្បាតក្នុងមូលដ្ឋាន ហើយបានឃាត់ខ្លួនជនសង្ស័យម្នាក់ និងថ្នាំញៀន៤កញ្ចប់ កាលពីវេលាម៉ោង១០និង៥០នាទីយប់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៦ នៅត្រង់ចំណុចផ្លូវរថភ្លើងកែងផ្លូវលេខ៧០ ក្រុម៩ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។
ជនសង្ស័យមានឈ្មោះ វ៉ៅ វិចិត្រ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរ មិនពិតប្រាកដ មានស្រុកកំណើតភូមិតាពូង ឃុំជ័យកំពត ស្រុកព្រះស្តេច ខេត្តព្រៃវែង និងដកហូតបានថ្នាំញៀន៤កញ្ចប់។
សមត្ថកិច្ចបានឲ្យដឹងថា នៅយប់ថ្ងៃទី១១ ខែធ្នូ កម្លាំងសមត្ថកិច្ចយើងបានសហការជាមួយកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ និងកម្លាំងប្រជាការពារសង្កាត់ឫស្សីកែវ បានធ្វើការជិះល្បាតក្នុងមូលដ្ឋាន ខណៈពេលកំពុងជិះល្បាត ស្រាប់តែបានឃើញជនសង្ស័យម្នាក់ ដោយមានការសង្ស័យ សមត្ថកិច្ចយើងបានធ្វើការឃាត់ និងឆែកឆេររកឃើញម្សៅក្រាមពណ៌(ស)ថ្លាចំនួន៤កញ្ចប់ ជាប្រភេទ ម៉ាទឹកកក ហើយសមត្ថកិច្ចយើងបាននាំខ្លួនមកកាន់ប៉ុស្តិ៍ទួលសង្កែ ដើម្បីធ្វើការសាកសួរ។
ក្រោយពីសាកសួរ ជនសង្ស័យបានសារភាពថា មិត្តភក្តិរបស់ខ្លួនបានឲ្យរូបខ្លួនយកថ្នាំញៀនទៅឲ្យបុរសម្នាក់ទៀត ដែលនៅចាំក្បែរនោះ ស្រាប់តែពេលកំពុងដើរតាមផ្លូវ ក៏ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន និងឆែកឆេរតែម្តង។
បច្ចុប្បន្នជនសង្ស័យខាងលើ រួមនឹងវត្ថុតាង ត្រូវសមត្ថកិច្ចឃុំខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់តាមផ្លូវច្បាប់៕


មតិយោបល់