ព័ត៌មានកីឡា

ឈឿន ឆៃដែន នឹងទម្លាក់មកវាយគីឡូ៦០ ក្រោយជារបួសជើង

ឈឿន ឆៃដែន បង្ហើបថាខ្លួននឹងទម្លាក់មកវាយត្រឹមគីឡូ៦០វិញ ក្រោយជាពីរបួសជើង ដែលញុំញីកាលពីអំឡុងវគ្គវិលជុំខ្សែក្រវ៉ាត់គូបូតា ទម្ងន់៦៣.៥គីឡូក្រាម។

អ្នកប្រដាល់ក្លឹបរឹទ្ធីពោធិ៍សែនជ័យរូបនេះ ប្រាប់ Post Sport ថា ទម្ងន់៦៣.៥គីឡូក្រាម សំបូរដោយជើងខ្លាំង គួបផ្សំនិងមាឌខ្លួនតូចជាងគេទៀត ទើបពិបាកប្រជែង ជាក់ស្តែងដូចខ្សែក្រវ៉ាត់ខាងលើជាដើម។

« និយាយទៅបង ៦៣.៥ហ្នឹង សំបូរអ្នកល្អៗច្រើន ដូចសោភ័ណ្ឌនិងចន្ទ្រា ពិសេសកីឡាករថៃ គេគីឡូដូចយើងឬលើសយើងបន្តិចបន្តួច តែមាឌគេធំៗណាស់បង។ ដឹងស្រាប់ហើយ តែតូចជាងគេហើយគឺពិបាកវាយ។ ដូច្នេះក្រោយជា ខ្ញុំនឹងទម្លាក់ទៅវាយ៦០វិញ ប្រហែលៗគ្នា វាយទៅល្អមើល មានទឹកចិត្តវាយបន្តទៀតបង។» សម្តី ឆៃដែន។

យ៉ាងណាក្តីអ្នកប្រដាល់មិនសូវបានសម្តីរូបនេះបន្តថា នឹងព្យាយាមហ្វឹកហាត់បន្ថែម ពិសេសត្រង់ចំណុចខ្សោយជើង ដើម្បីសម្រួចខ្លួនត្រៀមប្រជែងស្តារកេរ្ត៍ឈ្មោះក្នុងពិភពប្រដាល់មកវិញ។

ឆៃដែន ក្នុងវគ្គវិលជុំខ្សែក្រវ៉ាត់គូបូតា ត្រូវបានគេមើលឃើញថា គេបេក្ខភាពលំបាកជាងគេ ដោយ៥ប្រកួតឈ្នះតែ១ប៉ុណ្ណោះ ហើយភាគច្រើនសន្លប់របស់ដៃគូមិនផុតទឹកទី៣ឡើយ។

 

 

មតិយោបល់