ព័ត៌មានជាតិ

បញ្ជូនតៃកុងរថយន្តដឹកឈើប្រណីតស្លាកលេខ ខ.ម ទៅតុលាការ

ស្ទឹងត្រែងៈ នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៦នេះ អាវុធហត្ថខេត្តស្ទឹងត្រែង បានបញ្ជូនខ្លួនជនសង្ស័យដែលជាតៃកុងរថយន្តដឹកឈើប្រណីតល្មើសច្បាប់ដែលអាវុធហត្ថចាប់បានកាលពីយប់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៦កន្លងទៅ។

លោកវរៈសេនីយ៍ទោ ដួង វិចិត្រ បានឲ្យដឹងថា ក្រោយពីឃាត់រថយន្ត និងតៃកុងខាងលើរួចមក និងដោយសារតែមានការសង្ស័យ អាវុធហត្ថក៏បានធ្វើការ
ត្រួតពិនិត្យទឹកនោមរកសារធាតុញៀន បន្ទាប់ពីរកឃើញថាតៃកុងរថយន្តពិតជាមានផ្ទុកនូវសារធាតុញៀនពិតប្រាកដមែននោះ
អាវុធហត្ថក៏បានកសាងសំណុំរឿងមួយផ្សេងពាក់ព័ន្ធករណីប្រើប្រាស់ថ្នាំញៀន ព្រមទាំងបញ្ជូនខ្លួនទៅតុលាការតែម្តង។ ចំណែកឯរថយន្តដឹកបទល្មើសឈើប្រណីតដែលប្រើប្រាស់ស្លាក
លេខ ខ.ម ក្លែងក្លាយក៏ត្រូវបានអាវុធហត្ថកសាងសំណុំរឿងបញ្ជូនទៅតុលាការនៅព្រឹកថ្ងៃដដែលដូចគ្នា។ ចំពោះឈើប្រណីតល្មើសច្បាប់ដែលបង្ក្រាបបាននោះ អាវុធហត្ថបានប្រគល់ជូនជំនាញរដ្ឋបាលព្រៃឈើដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់ផងដែរ។

គួរបញ្ជាក់ផងដែរថា កាលពី​យប់ថ្ងៃ​ទី​១០ ខែធ្នូ ឆ្នាំ​២០១៦កន្លងទៅថ្មីៗនេះ អាវុធហត្ថខេត្តបានធ្វើការបង្ក្រាបរថយន្តដឹកឈើប្រណីត១គ្រឿងម៉ាកឡង់គ្រីស័រ ពណ៌ខ្មៅ ពាក់ស្លាកលេខ(ខ.ម ២-៥០៦១) ដែលរថយន្តនោះបានផ្ទុកឈើប្រណីតប្រភេទធ្នង់ ចំនួន១៨៣ដុំ ត្រង់ចំណុច​ភូមិ​ក្របី​ជ្រុំ ឃុំ​ក្បាល​រមាស ស្រុក​សេ​សាន ខេត្តស្ទឹងត្រែង៕

មតិយោបល់