ព័ត៌មានជាតិ

ស្រវឹងវាយបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះរបស់គេ ត្រូវសមត្ថកិច្ចចាប់ខ្លួន

កណ្តាលៈ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន បន្ទាប់ពីផឹកស៊ីស្រវឹងធ្វើសកម្មភាពវាយបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ កាលពីវេលាម៉ោង៤និង៣០នាទី ថ្ងៃរសៀលទី១១ ខែឆ្នូ ឆ្នាំ២០១៦ ស្ថិតនៅចំណុចភូមិពងទឹក ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលចាប់ខ្លួនបានខាងលើនេះ មានឈ្មោះ ស៊ីម ជីម ហៅមាំង ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិឃុំកើតហេតុខាងលើ។ ចំណែកជនរងគ្រោះឈ្មោះ រ៉េត ជា ភេទប្រុស អាយុ៥៦ឆ្នាំ មុខរបរជាមន្ត្រីនគរបាលចូលនិវត្តន៍ ស្នាក់នៅភូមិព្រែមាន ឃុំព្រែពួច ស្រុកអង្គស្នួល ខេត្តកណ្តាល។

មុនពេលកើតហេតុ ជនសង្ស័យបានផឹកស្រាស្រវឹង រួចចូលមកផ្ទះជនរងគ្រោះធ្វើសកម្មភាពវាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះបណ្តាលឲ្យ បែកធុងចម្រុះទឹកមួយស្អាត១ ,បែកជើងទម្រចម្រុះទឹកស្អាត១, និងចានបាយ ស្លាបព្រា រួមនិងសម្ភារៈមួយចំនួនទៀត និងបានស្រែកជេរប្រមាថគំរាមស្លាប់ជនរងគ្រោះទៀតផង។ លុះដល់ថ្ងៃទី១២ ខែឆ្នូ ឆ្នាំ២០១៦ ជនរងគ្រោះបានមកដាក់ពាក្យបណ្តឹង ទើបសមត្ថកិច្ចឈានទៅការចាប់ឃាត់ខ្លួនបានតែម្តង ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនធ្លាប់ប្រើប្រាស់ថ្នាំញៀននិងធ្លាប់ជាប់ពន្ធនាគារ២លើកមកហើយ ពីបទលួចសត្វមាន់ជាប់១៣ខែ និងពីបទលួចអាវុធប៉ុស្តិ៍ដំណាក់អំពិលជាប់១៨ខែ។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចធ្វើការឃុំខ្លួនបណ្តោះអាសន្ន និងកសាងសំណុំរឿង បញ្ជូនខ្លួនទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់៕

មតិយោបល់