ព័ត៌មានជាតិ

អាជ្ញាធរខណ្ឌទួលគោក ជំរុញឲ្យម្ចាស់ហាងបញ្ចាំ អនុវត្តច្បាប់អាជីវកម្ម ទទួលប្រាតិភោគដោយអនុប្បទាន

ភ្នំពេញៈ ហាងបញ្ចាំនៅតាមបណ្តោយផ្លូវ១៨៦ ចំនួន២ទីតាំង មានហាង ម៉ារ៉ាន់២ និង CH7878 ត្រូវបានក្រុមការងារសាលាខណ្ឌទួលគោក សហការជាមួយចៅសង្កាត់រង និងមានការចូលរួមពីនរគបាលប៉ុស្តិ៍រដ្ឋបាលទឹកល្អក់៣ ជំរុញឲ្យម្ចាស់ទីតាំងហាងបញ្ចាំទាំងអស់នៅក្នុងមូលដ្ឋានខណ្ឌទួលគោក អនុវត្តកាតព្វកិច្ចពន្ធដារដូចមានចែងក្នុងច្បាប់ស្តីពីសារពើពន្ធ និង បទប្បញ្ញត្តិផ្សេងទៀតដែលមានជាធរមាននៃព្រះរាជាណាចក្រកម្ពុជា ។

ការចុះប្រតិបត្តិការនេះបានធ្វើឡើងកាលពីម៉ោង៣រសៀល ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៦ នៅហាងបញ្ចាំផ្ទះលេខ១០B និង ផ្ទះលេខ៨C ផ្លូវ១៨៦ ភូមិ៣ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ប្រភពព័ត៌មានបានឲ្យដឹងថា កាលពីចុងខែវិច្ឆិកា ឆ្នាំ២០១៦នេះ លោក ប៉ាង លីដា បានដឹកនាំក្រុមការងារចុះមកជំរុញ ម្ចាស់ហាងបញ្ជាំនៅតាមបណ្តោយផ្លូវ១៩២ សង្កាត់ទឹកល្អក់៣ បានមួយចំនួន និងបន្តឲ្យគ្រប់ហាងបញ្ចាំនៅក្នុងមូលដ្ឋានខណ្ឌទួលគោក ដើម្បីឲ្យម្ចាស់ទីតាំងហាងបញ្ចាំទាំងអស់មានអាជ្ញាបណ្ណអាជីវកម្មទទួលប្រាតិភោគដោយអនុប្បទាន ហើយអ្នកកាន់អាជ្ញាបណ្ណត្រូវមាន ទី១អនុវត្តតាមប្រកាសលេខ ០២៨ សហវ.ប្រក ចុះថ្ងៃទី១២ ខែមករា ឆ្នាំ២០១០។ទី ២ អនុវត្តកាតព្វកិច្ចពន្ធដារដូចមានចែងក្នុងច្បាប់ស្តីពីសារពើពន្ធ និង បទប្បញ្ញត្តិផ្សេងទៀតដែលមានជាធរមាននៃព្រះរាជាណាចក្រកម្ពុជា។ ទី៣ ខ្នាតតូច ដើមទុនចាប់ពី ១០,០០០ ដុល្លារ ដល់ ៥០,០០០ ដុល្លារ ។ យោងទៅតាមច្បាប់ប្រាតិភោគ និង ពាក្យប្រាតិភោគ មានន័យថា ទី១ ការធានា ដល់ម្ចាស់បំណុលក្នុងការប្រមូលឥណទេយ្យរបស់ខ្លួនមកវិញ។ ទី២មធ្យោបាយមួយដើម្បីធានាការសងកាតព្វកិច្ច។ យោងទៅតាមច្បាប់ប្រាតិភោគ និង ពាក្យអនុប្បទាន មានន័យថា ការផ្ទេរសិទ្ធិ ឬទ្រព្យសម្បត្តិរបស់បុគ្គលណាម្នាក់ ដែលជាអនុប្បទាយីទៅឲ្យបុគ្គលម្នាក់ទៀតដែលជាអនុប្បទានិក ។

ក្រុមការងារបានណែនាំដល់ម្ចាស់ទីតាំងហាងបញ្ចាំខាងលើនូវការប្រតិបត្តិ មានការសង្ស័យចំពោះជនយកទ្រព្យមកបញ្ចាំអាចផ្តល់ព័ត៌មានដល់សមត្ថកិច្ចមូលដ្ឋាន និង ការបង់ពន្ធផ្សេងៗ ការបន្តអាជ្ញាបណ្ណអាជីវកម្ម ជៀសវាងទទួលផលចោរកម្មដែលច្បាប់បានកំណត់នៅក្នុងក្រមព្រហ្មទណ្ឌ ជំពូក៤ ផ្នែក១ មាត្រា៣៩៩ ដែលស្ថិតមានស្ថានទម្ងន់ទោស ៕

មតិយោបល់