ព័ត៌មានជាតិ

កាយធ្យូងក្នុងឡ ចុងក្រោយសល់តែគ្រោងឆ្អឹង

កោះកុងៈ តាមសេចក្តីរាយការណ៍របស់សមត្ថកិច្ចស្រុកមណ្ឌលសីមា បានឲ្យដឹងថា បុរសជាអ្នកចម្ការ បានចូលទៅកាយធ្យូងក្នុងឡ លុះប្រទះឃើញសល់តែគ្រោងឆ្អឹងទៅហើយ។ ករណីនេះ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោងជាង១រសៀល ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៦ស្ថិតនៅភូមិថ្មីចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។

សមត្ថកិច្ចបន្តថា បុរសរងគ្រោះឈ្មោះ លី សាវឿន អាយុ៥៦ឆ្នាំ មានមុខរបរធ្វើចម្ការ មានទីលំនៅភូមិឃុំកើតហេតុ ហើយនៅមុនកើតជនរងគ្រោះ ប្រាប់ប្រពន្ធថា ទៅកាយធ្យូងនៅចម្ការ រហូតដល់ម៉ោងជាង១២ ប្រពន្ធបាត់ប្តីមិនឃើញមកវិញ ក៏តេទូរសព្ទរក តែអត់មានអ្នកទទួល ប្រពន្ធជនរងគ្រោះ ក៏ទៅតាមរកមើល លុះមកចំណុចកើតហេតុ ស្រាប់តែមើលសពប្តីសល់តែឆ្អឹងឆេះអស់ នៅក្នុងឡធ្យូងនោះទៅហើយ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញ បានទៅពិនិត្យ និងបានសន្និដ្ឋានថា ជនរងគ្រោះ ខណៈចូលទៅកាយធ្យូងក្នុងឡ ភ្លើងមិនទាន់រលត់អស់ ហើយក៏បាក់ធ្លាក់ធ្យូងសង្កត់លើ បណ្តាលឲ្យភ្លើងឆេះស្លាប់តែម្តង។ បច្ចុប្បន្នក្រុមគ្រួសារ បានរើសឆ្អឹងទុក ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់