ព័ត៌មានជាតិ

ស្រវឹងស្រាដើរឆ្លងថ្នល់ ត្រូវម៉ូតូបុក របួសធ្ងន់ទាំងសងខាង

កំពង់ចាម: មនុស្ស២នាក់រងរបួសធ្ងន់ បន្ទាប់ពីបុរសម្នាក់ស្រវឹងស្រា បានដើរឆ្លងថ្នល់មិនប្រយត្ន័ស្របពេលម៉ូតូមួយគ្រឿងកំពុងបើកលឿនចាប់ហ្វ្រាំងមិនទាន់ជ្រុលទៅបុកពេញទំហឹងបណ្តាលឲ្យរងរបួសធ្ងន់ទាំងសងខាង។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨ យប់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៧ ភូមិសេនសុនជើង ឃុំស្រង៉ែ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញ ម៉ូតូម៉ាកសង់កូរ៉េ ពណ៌ក្រហម គ្មានស្លាកលេខ មួយគ្រឿង បើកបរដោយឈ្មោះស៊ុន វាសនា ភេទប្រុស អាយុ២៥ឆ្នាំ ស្នាក់នៅភូមិចំបក់ថ្ម ឃុំសូរសែន្យស្រុកព្រៃឈរ ខេត្តកំពង់ចាម បើកបរក្នុងទិសដៅពីលិចមកកើត លុះបានមកដល់ចំណុចកើតហេតុ ក៏បុកបុរសស្រវឹងស្រាម្នាក់ ដែលកំពុងដើរឆ្លងថ្នល់ ឈ្មោះ សន ធី ភេទប្រុស អាយុ៤២ឆ្នាំ មានទីលំនៅភូមិសេនសុនជើង ឃុំស្រង៉ែ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ដែលដើរឆ្លងថ្នល់ពីជើងមកត្បូងបណ្តាលឲ្យដួលទាំងម៉ូតូនិងមនុស្សរងរបួសធ្ងន់ទាំងសងខាង ។

ចំណែកម៉ូតូខូចខាតបន្តិចបន្តួច មូលហេតុគ្រោះថ្នាក់ចរាចរណ៍នេះបណ្តាលមកពីអ្នកដើរឆ្លងថ្នល់ស្រវឹងស្រាខ្វះការប្រុងប្រយ័ត្ន៕

មតិយោបល់