កណ្ដាលៈ បុរសម្នាក់ចេះតែថ្ងូរប្រាប់ប្រពន្ធថាឈឺក្បាលៗ បីថ្ងៃក្រោយប្រទះឃើញចងកសម្លាប់ខ្លួននៅធ្នឹមក្រោលគោ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៤និង៣០នាទីទៀបភ្លឺ ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៧ ត្រង់ចំណុចភូមិព្រែកតាឯក ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល។
ប្រភពព័ត៌មានបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ងែត ចំរើន ភេទប្រុស អាយុ៤៧ឆ្នាំ នៅភូមិព្រែកតាឯក ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល មុខរបរកសិករ។
ប្រភពដដែលបានបន្តថា នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ វេលាម៉ោង៨និង៣០នាទីយប់ ឈ្មោះ ងែត ចំរើន និង ឈ្មោះ ឆេងសុខគាង ជាប្រពន្ធបានឡើងដេកលើផ្ទះជាមួយគ្នារហូតដល់វេលាម៉ោង៤និង៣០នាទីទៀបភ្លឺ ទើបប្រពន្ធចុះមកក្រោមផ្ទះ បានប្រទះឃើញប្តីចងកស្លាប់ជាមួយធ្នឹមរោងគោ ទើបស្រែកឆោឡោឲ្យអ្នកជិតខាងជួយ តែជនរងគ្រោះបានស្លាប់បាត់ទៅហើយ។ បញ្ជាក់មុខពេលកើតហេតុ ពីរ បីថ្ងៃ ជនរងគ្រោះចេះតែថ្ងូរប្រាប់ប្រពន្ធថា ខ្លួនចេះតែឈឺក្បាលនិងពិបាកចិត្តរឿងឪពុកឈឺមើលមិនជា។
ក្រោយពេលកើតហេតុ កម្លាំងជំនាញនគរបាលស្រុកនិងសមត្ថកិច្ចប៉ុស្តិ៍បានពិនិត្យសពរួចឃើញថា ជនរងគ្រោះពិតជាស្លាប់ដោយសារចងកពិតប្រាកដមែន ហើយបានប្រគល់សពជនរងគ្រោះជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់