មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីក្រុមហ៊ុនមួយ បានលើកគ្នារហូតដល់៣៨៥នាក់ ទៅមើលរឿង«វិកលចរិត» នៅផ្សារទំនើបអ៊ីអន កាលពីល្ងាចថ្ងៃទី១២ ធ្នូ។ នេះជាចលនាដ៏កម្រមួយ ដែលធ្វើឲ្យគេមើលឃើញពី ចលនាជួយដល់ផលិតករ បន្ទាប់ពីបានទម្លាយថាផលិតករប្រឈមបំណុលច្រើនម៉ឺនដុល្លារ ដោយសារតែការចាក់បញ្ចាំងរឿងនេះ ហើយមិនសូវមានអ្នកទស្សនា។
លោកហ៊ុយ យ៉ាងឡេង ផលិតកររឿង«វិកលចរិត» បានអះអាងថាជាលើកទី១ ដែលក្រុមហ៊ុនអាហារបំប៉នធំមួយ បានប្រមូលផ្ដុំគ្នាមកទស្សនារឿង របស់លោក ក្នុងន័យរួមចំណែកលើកស្ទួយដល់ភាពយន្ត របស់លោកដែលប្រឈមខាតធ្ងន់រួចទៅហើយ។ លោកថាមានការរំភើបចិត្ត ដែលក្រុមហ៊ុននេះ រួមចំណែកជួយឲ្យយមានការបំផុស និងធ្វើឲ្យមហាជនច្រើន ឡើងចាប់អារម្មណ៍ជាមួយរឿង«វិកលចរិត»។ ក្រៅពីក្រុមហ៊ុននេះ លោកថាមានក្រុមហ៊ុនផ្សេងទៀត ក៏បានកក់សំបុត្រជាទ្រង់ទ្រាយធំឲ្យបុគ្គលិករបស់ខ្លួនមកទស្សនារឿងនេះ ដើម្បីជួយដល់ស្នាដៃរបស់លោកផងដែរ។ លោកនិយាយថា«លូវហ្នឹងខ្ញុំឃើញចលនាពីសំណាក់ក្រុមហ៊ុនៗ គាត់ជួយខ្ញុំច្រើនមែនទែន កាលមុនពួកគាត់មកតែ១០-២០នាក់ ឬ៣០នាក់អីទេ តែឥឡូវមានដល់ជិត៤០០នាក់ ហើយក៏មាន ក្រុមហ៊ុន២-៣ទៀត ទាក់ទងកក់សំបុត្ររង្វង់១៥០នាក់ និង១០០នាក់ ដើម្បីឲ្យបុគ្គលិកគាត់មើលចឹងដែរ!»។ លោកថាខ្សែរឿងរបស់លោកមិនត្រឹមតែ មានចលនាជួយពីមហាជនជាយុវវ័យប៉ុណ្ណោះទេ ប៉ុន្តែក៏ផ្ដើមមានចលនាជួយពីបណ្ដាក្រុមហ៊ុនតូចធំខុសប្លែកជាងមុន ទើបលោកកាន់តែកក់ក្ដៅចិត្តថា បំណុលរបស់លោកដែលប្រើផលិតរឿង និងខ្ចីគេទិញសម្ភារៈ នឹងអាចដោះស្រាយ។ លោក ចន ប្រុស តំណាងក្រុមហ៊ុន B-Hip Cambodia បានអះអាងថាបុគ្គលិករបស់លោក រហូតដល់៣៨៥នាក់ បានប្រមូលផ្ដុំគ្នាទិញសំបុត្រ ទស្សនារឿង«វិកលចរិត» នៅយប់ថ្ងៃទី១២ ធ្នូនោះ។ លោកថានេះជាលើកទី១ ដែលក្រុមហ៊ុនរបស់លោកគៀរគរបុគ្គលិក ជាទ្រង់ទ្រាយធំឲ្យ គាំទ្ររឿងនេះ បន្ទាប់ពីបានឮថា ខ្សែរឿង«វិកលចរិត»អត់សូវមានអ្នកគាំទ្រ ហើយបណ្ដាលឲ្យផលិតករ ប្រឈមនឹងបំណុលវ័ណ្ឌករ។ លោកថាមានតែខ្មែរប៉ុណ្ណោះដែល អាចជួយខ្មែរ អ៊ីចឹងហើយទើបលោកសម្រេចចិត្តប្រមូលបុគ្គលិក ដល់រាប់រយនាក់ ឲ្យមកចំណាយលុយរៀងខ្លួន ហើយទស្សនារឿងនេះជាការបំផុសឲ្យមានការគាំទ្រដល់លោកហ៊ុយ យ៉ាងឡេង ដែលប្រឈមខាតបង់។ លោកមានគម្រោងដឹកនាំបុគ្គលិករបស់ខ្លួន មួយក្រុមថ្មីមកទស្សនារឿងនេះទៀត បើរឿង«វិកលចរិត» បន្តបញ្ចាំងក្នុងរយៈពេលយូរទៀត។
លោកហ៊ុយ យ៉ាងឡេង បញ្ជាក់ថាចលនាគាំទ្ររបស់មហាជន ក្នុងប៉ុន្មានថ្ងៃចុងក្រោយ បានជួយឲ្យរឿង«វិកលចរិត» រកបានចំណូលរង្វង់៤ម៉ឺនដុល្លារហើយ ក្នុងចំណោមដើមទុន៤៥០០០ដុល្លារ ដែលបានចំណាយ។ អ៊ីចឹងហើយទើបលោករំពឹងថា នឹងទទួលបានយ៉ាងហោច២ម៉ឺនដុល្លារទៀត ដើម្បីឲ្យលោកបានរួចបំណុល លើការចំណាយទិញសម្ភារៈមុនពេលថតរឿង៕
https://www.youtube.com/watch?v=xUzAxPYfVl8













មតិយោបល់