ព័ត៌មានជាតិ

ស្រវឹងជោក បើករថយន្តរេចង្កូតក្រឡាប់ចូលប្រឡាយ ស្លាប់ម្នាក់ របួសម្នាក់

បាត់ដំបងៈ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បណ្តាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និងម្នាក់ទៀតរងរបួសស្រាល កាលពីវេលាម៉ោង៦និង៤០នាទីព្រលប់ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៦ តាមបណ្តោយផ្លូវលំអាងមាឈិត ទៅកំពីងពួយ ស្ថិតក្នុងក្រុមទី២០ ភូមិគ្រួស ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង។

សមត្ថកិច្ចបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងដោយខ្លួនឯង ដែលរថយន្តម៉ាកកាមេរី សេរីឆ្នាំ៩៥ ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ បប 2A-1196 បើកបរដោយ ឈ្មោះ រឿម បូរ៉ា អាយុ៣០ឆ្នាំ មានទីលំនៅ ភូមិអង្គ សង្កាត់អូរចារ ក្រុង ខេត្ត បាត់ដំបង (របួសស្រាល ) និងអ្នករួមដំណើរម្នាក់ឈ្មោះ សូរ សុគន្ធ អាយុ៦០ឆ្នាំ មានទីលំនៅ ភូមិ ឃុំជាមួយគ្នា (ស្លាប់នៅនឹងកន្លែងកើតហេតុ)។

សមត្ថកិច្ចបានបន្តថា មុនពេលកើតហេតុរថយន្តបង្កបានបើកបរក្នុងទិសដៅពីលិចទៅកើត ពេលបើកបរដល់ចំណុចខាងលើបានរេចង្កូតក្រឡាប់រថយន្តធ្លាក់ចូលទៅក្នុងប្រឡាយទឹកតែម្តង។ សមត្ថកិច្ចបញ្ជាក់ទៀតថា មូលហេតុនៃការក្រឡាប់រថយន្តនេះ ដោយសារបើកបរក្នុងស្ថានភាពស្រវឹងជោកជាំ។

បច្ចុប្បន្ន សាកសពត្រូវបានប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែករថយន្តត្រូវបានដឹកយកទៅរក្សាទុកដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់