រតនគិរី៖ រថយន្តកាម៉ារីស្វិត ពណ៌ស ពាក់ស្លាកលេខកំពង់ចាម 2A-1737 បើកបរដោយបុរសម្នាក់ឈ្មោះ ប៉េស សារី ភេទប្រុស អាយុ៤៦ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិអូរកន្ទិល សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។
បានប៉ះទង្គិចទៅលើរថយន្តមួយគ្រឿងទៀតម៉ាក ISUZU ពណ៌ស ពាក់ស្លាកលេខរដ្ឋ 12-20826 អ្នកបើកបរឈ្មោះ មឿង ធី ភេទប្រុសអាយុ៤៧ ឆ្នាំ មានទីលំនៅភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង បើកបរក្នុងទិសដៅពីកើតទៅលិចត្រង់ចំណុចផ្លូវបែកជា៤ រថយន្តកាម៉ារីបានបុកចំហៀងរថយន្ត យ៉ាងពេញទំហឹងបណ្តាលឲ្យរថយន្ត ISUZU ជ្រុលក្បាលទៅប៉ះនឹងម៉ូតូអ្នកធ្វើដំណើរមួយគ្រឿងទៀតរងរបួសស្រាល បុរសវ័យចំណាស់ម្នាក់ត្រូវបានប្រជាពលរដ្ឋជួយដឹកជញ្ជូនទៅកាន់ពេទ្យសម្ភពសង្គ្រោះបន្ទាន់ភ្លាមៗ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣និង១៥នាទីរសៀល ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦ នៅត្រង់ចំណុចផ្លូវបំបែកជា៤ ទល់មុខផ្ទះសំណាក់មហាលោភ(យីហោ៩៩៩)ស្ថិតក្នុងភូមិអូរកន្ទិល សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។
តាមប្រភពពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេ ឃើញរថយន្តម៉ាកកាម៉ារីស្វិតខាងលើបើកបរក្នុងទិសដៅពីជើងទៅត្បូង(ផ្លូវអតិភាពត្រង់) ខណៈមកដល់ចំណុចកើតហេតុខាងលើបានបង្អង់ល្បឿនងាក់មើលម៉ូតូមួយគ្រឿងម៉ាកសង់កូរ៉េ ពណ៌ក្រហម ពាក់ស្លាកលេខ ង 96 34.ភព1 បើកបរដោយបុរសវ័យចំណាស់ម្នាក់ត្រូវបានគេស្គាល់ឈ្មោះ ប៊ុន ស្រួច ភេទប្រុស អាយុ៥១ ឆ្នាំ ជនជាតិក្រឹង មានទីលំនៅភូមិតឺន ឃុំតឺន ស្រុកកូនមុំ ឃើញម៉ូតូមួយគ្រឿងបម្រុងឆ្លងកាត់ផ្លូវបែកជា៤ បើកបរក្នុងទិសដៅពីលិចទៅកើតជាចៃដន្យស្រាប់តែមានរថយន្តម៉ាកISUZU ខាងលើបើកបរក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នមិនគោរពច្បាប់អទិភាពផ្លូវបំបែកជា៤បណ្តាលឲ្យរថយន្តម៉ាកកាម៉ារីចាប់ហ្វាំងមិនទាន់ក៏បុកទៅរថយន្ត ISUZU ចំកង់មុខផ្នែកខាងស្តាំយ៉ាងពេញទំហឹងតែម្តង ហើយរថយន្ត ISUZU ក៏ជ្រុលចង្កូតទៅបុករះទៅលើម៉ូតូជនរងគ្រោះរបួសស្រាលម្ចាស់ម៉ូតូចំប្រអប់ជើងខាងស្តាំ។
រីឯរថយន្តម៉ាកកាម៉ារីស្វិតបែកកាងមុខស្ទើរតែទាំងស្រុង និងម៉ូតូជនរងគ្រោះខូចខាតផ្នែកខាងមុខនឹងចំហៀងផងដែរ។
ក្រោយពេលកើតហេតុនគរបាលចរាចរណ៍ខេត្តបានចុះមកអន្តរាគមន៍នឹង វាស់វែងហើយនាំយកវត្ថុតាងទាំង៣គ្រឿងទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តរងចាំធ្វើការដោះស្រាយជាក្រោយ ៕
មតិយោបល់