ព័ត៌មានជាតិ

កងទ័ពនៅតាមមូលដ្ឋាន ចាប់ផ្តើម​ជម្រុញឲ្យមានការចិញ្ចឹមសត្វដាំបន្លែ

កំពង់ធំៈ ក្រៅពីការងារស្នូលរបស់អង្គភាព នៅតាមវរសេនាតូច និងផ្នែកសឹករងស្រុកក្រុង យោធិនទាំងអស់ត្រូវហ្វឹកហាត់ ទាំងវិន័យដើម្បីរក្សាសេចក្តីថ្លៃថ្នូរ រួមទាំងចូលរួមការងារលើកកម្ពស់ជីវភាពរបស់អង្គភាព ដោយការបង្ករបង្កើនផល ដាំបន្លែចិញ្ចឹមសត្វ នៅតាមអង្គភាពរបស់ខ្លួន។

ក្រោមការដឹកនាំរបស់ ឯកឧត្តម មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានសុំឲ្យនាយទាហាន និងពលទាហានទាំង អស់ឆ្លៀតឱកាស ចូលរួមយ៉ាងសកម្ម ក្នុងការដាំបន្លែ និងចិញ្ចឹមសត្វ ព្រមទាំង​ចូលរួមសហការជាមួយអាជ្ញាធរ មូលដ្ឋាន កម្លាំងសមត្ថកិច្ច បង្រ្កាបបទល្មើសផ្សេងៗ និងផ្សារភ្ជាប់ការទំនាក់ទំនងជាមួយប្រជាពលរដ្ឋផ្តល់នូវភាពជិតស្និទ្ធ ដើម្បីឲ្យក្លាយកងទ័ពរបស់ប្រជាពលរដ្ឋ កងទ័ពរបស់ប្រជាជន ។

ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានមានប្រសាសន៍ថា ដើម្បីចូលរួមអនុវត្តខ្លឹមសារចលនាប្រឡងប្រណាំងលើកស្ទួយជីវភាពរស់នៅរបស់កងទ័ព គឺជាការណែនាំរបស់គណៈកម្មការប្រឡងប្រណាំងតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ជាពិសេសផ្នែកសឹករងបារាយណ៍ នៃតំបន់សឹករងកំពង់ធំ បានធ្វើសកម្មភាពដាំបន្លែស្រមតាមការណែនាំបានល្អប្រសើរ ក្នុងនោះតាមបណ្តាវរសេនាតូច និងផ្នែកសឹករងដទៃ ក៏កំពុងតែចូលរួមយ៉ាងសកម្ម តាមគោលការរបស់តំបន់ប្រតិបត្តិការសឹករងកំពង់ធំ។

ក្នុងឱកាសនោះដែរ ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន បានបញ្ជាក់ផងដែរថា សកម្មភាពបង្ករបង្កើនផលដាំដំណាំ ចិញ្ចឹមសត្វនេះ ទី១បានហ្វឹកហាត់ឲ្យនាយទាហាន និងពលទាហានចេះស្រឡាញ់ការបង្ករបង្កើនផល ទី២គឺជាការហាត់ប្រាណដើម្បីសុខភាពនិងឲ្យជាប់ជាទំលាប់ ទី៣ គឺជាការកាត់បន្ថយការចំណាយនិងលើកកម្ពស់ជីវភាពរបស់អង្គភាព៕

មតិយោបល់