ភ្នំពេញ: នៅម៉ោង៨ និង៤៩នាទីព្ររឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៦នេះ លោក សុខ ឥសាន អ្នកនាំពាក្យគណៈបក្សប្រជាជនកម្ពុជា និងតំណាងឱ្យគណៈបក្សមួយនេះក្នុងការប្តឹងប្រឆាំងលោក អ៊ូ វីរៈ ពីបទបរិហាកេរ្តិ៍ជាសាធារណៈ កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦នោះ បានចូលខ្លួនមកបំភ្លឺតាមដីកាកោះហៅរបស់លោក សៀង សុខ ដែលជាតំណាងអយ្យការហើយ។
សូមបញ្ជាក់ថា លោក សុខ ឥសាន ក្នុងនាមជាតំណាងឱ្យគណៈបក្សប្រជានកម្ពុជា បានដាក់ពាក្យបណ្តឹងមកសាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៦ ដោយប្តឹងលោក អ៊ូ វីរៈ ពីបទ បរិហាកេរ្តិ៍ ដែលផ្តើមចេញពីសំដីរបស់លោក អ៊ូ វីរៈ ដែលថា “យុទ្ធសាស្ត្រគណៈបក្សកាន់អំណាចនៅពេលនេះ គឺព្យាយាមគាបសង្កត់លោក កឹម សុខា និងហិរញ្ញវត្ថុរបស់លោក…”។ “ការដែលគណៈបក្សប្រជាជនកម្ពុជារវល់គិតគូរបំបាក់ គូប្រកួតប្រជែងនយោបាយតាមរបៀបនេះ នឹងកាន់តែធ្វើឱ្យកាន់តែបាត់បង់ប្រជាប្រិយភសពខ្លាំង ហើយមន្ត្រីនៅក្នុងបក្សនេះមួយចំនួនក៏មិនពេញចិត្តនឹងយុន្នការនេះដែរ”។
ក្រៅពីលោក សុខ ឥសាន ជាដើមបណ្តឹងដែលត្រូវចូលខ្លួនមកបំភ្លឺនៅព្រឹកនេះ លោក សៀង សុខ តំណាងអយ្យការ ក៏បានចេញដីកាកោះហៅលោក អ៊ូ វីរៈ ក្នុងនាមជាជនសង្ស័យ ឱ្យចូលបំភ្លឺនៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦ ខាងមុខផងដែរ ពាក់ព័ន្ធនឹងបណ្តឹងមួយនេះ៕
មតិយោបល់