ស្ទឹងត្រែងៈ សត្វព្រៃ៩ប្រភេទ ត្រូវបានក្រុមអន្តរាគម៍បង្ក្រាបសត្វព្រៃចល័តនៃរដ្ឋបាលព្រៃឈើថ្នាក់ជាតិសហការជាមួយអាវុធហត្ថលើផ្ទៃប្រទេស រដ្ឋបាលព្រៃឈើខេត្ត និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បង្ក្រាប និងរឹបអូសបានជិត១០០គីឡូក្រាម ខណៈពេលដែលក្រុមឈ្មួញបានដាក់តាំងលក់នៅលើទីផ្សារក្នុងទីរួមខេត្ត កាលពីវេលាម៉ោង៨និង៤៥នាទីព្រឹក ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦ ព្រមទាំងឃាត់ខ្លួនស្ត្រីម្នាក់ផងដែរ។
ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចជំនាញរឹបអូសបានមានដូចជា ១. អណ្តើកសោមឈ្មោលរស់៣ក្បាល ទម្ងន់២.៨០គីឡូក្រាម ២. អណ្តើកស្រែរស់១ក្បាល ទម្ងន់០.៧០គីឡូក្រាម ៣. ត្រកួតរស់ ៣ក្បាល ទម្ងន់៣គីឡូក្រាមកន្លះ ៤. សាច់ជ្រូកព្រៃស្រស់១៧គីឡូក្រាម ៥. សាច់ឈ្លុសស្រស់៧គីឡូក្រាម ៦. សាច់ប្រើសស្រស់១២គីឡូក្រាមកន្លះ ៧. រញីភ្លើងគ្រាម ចំនួន៣ក្បាល ៨. សាច់ប្រម៉ាស្រស់២គីឡូ និង៩. សត្វអន្សងរស់១ក្បាល ទម្ងន់៦គីឡូកន្លះ សរុបសាច់សត្វព្រៃស្រស់ទាំងអស់ទម្ងន់៦០.២០គីឡូកាម។
សមត្ថកិច្ចបានឲ្យដឹងថា ក្រោយការបង្ក្រាបកម្លាំងជំនាញបានឃាត់ខ្លួនស្ត្រីម្នាក់ដែលជាអ្នកលក់សាច់សត្វព្រៃដុះស្លែប្រចាំផ្សារខេត្តស្ទឹងត្រែងមានឈ្មោះ គុជ សុខាកញ្ញា អាយុ២៧ឆ្នាំ រស់នៅភូមិបាចុង សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។
បច្ចុប្បន្ន សាច់សត្វព្រៃទាំងអស់នោះត្រូវបានកម្លាំងចម្រុះប្រគល់ជូនជំនាញរដ្ឋបាលព្រៃឈើខេត្តដើម្បីយកទៅកប់ចោល និងសត្វដែលនៅរស់ត្រូវលែងចូលទៅក្នុងព្រៃ។ ចំណែកឯស្ត្រីម្នាក់ដែលឃាត់ខ្លួនបាននោះ ត្រូវដាក់ពិន័យជាទឹកប្រាក់ និងអប់រំណែនាំ រួចដោះលែងឲ្យរួចខ្លួនវិញ៕
មតិយោបល់