ភ្នំពេញៈ ក្រសួងទេសចរណ៍បានរៀបចំពិធីផ្សព្វផ្សាយជាផ្លូវការ ដាក់ឲ្យដំណើរការគម្រោងពង្រឹងសមត្ថភាពពាណិជ្ជកម្ម (PRCC) និងគម្រោង ហិរញ្ញប្បទាន សាលាវិជ្ជាជីវៈទេសចរណ៍ អមជាមួយសិក្ខាសាលាពិគ្រោះយោបល់ផែនការយុទ្ធសាស្រ្តអភិវឌ្ឍជំនាញវិជ្ជាជីវៈទេសចរណ៍ ២០១៧-២០២០។ នេះបើតាមផេកក្រសួងទេសចរណ៍ចេញផ្សាយនាព្រឹកនេះ។
ពិធីនេះ បានធ្វើឡើងនៅសណ្ឋាគារភ្នំពេញ កាលពីថ្ងៃម្សិលមិញ ក្រោមអធិបតីភាពលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក Jean-Claude POIMBOEU អគ្គរដ្ឋទូតបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួម ពីក្រសួង-ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ សាកលវិទ្យាល័យ សាលាបណ្តុះបណ្តាលវិជ្ជាជីវៈ ផ្នែកឯកជនពាក់ព័ន្ធ យុវជន សរុបប្រមាណ៣០០នាក់។
ជាចក្ខុវិស័យ នៅឆ្នាំ២០២០ អាស៊ាន នឹងទទួលបានទេសចរអន្តរជាតិចំនួន១២៣លាននាក់។ ដោយឡែក នៅឆ្នាំ២០២០នេះដែរ កម្ពុជាក៏សង្ឃឹមថា នឹងទទួលបានទេសចរអន្តរជាតិ ប្រមាណ៧.៥ ទៅ៨លាននាក់ នាំចំណូលចូលជាតិប្រមាណ៥ពាន់លានដុល្លារ និងបង្កើតការងារបានប្រមាណ១លាន់នាក់។
រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោក ថោង ខុន បានដាក់ចេញនូវគម្រោងផ្ទួចផ្តើមចំនួន៨ លើគម្រោងផែនការយុទ្ធសាស្រ្តអភិវឌ្ឍជំនាញវិជ្ជាជីវៈទេសចរណ៍ (២០១៧-២០២០) មានដូចជា ៖
ទី១-ការកំណត់កាតព្វកិច្ចបណ្តុះបណ្តាល (Training Obligation) ដែលតម្រូវឲ្យមូលដ្ឋានអាជីវកម្មធ្វើការបណ្តុះបណ្តាលបំប៉នសមត្ថភាពបុគ្គលិករបស់ខ្លួន(យ៉ាងហោច៣០%)ប្រចាំឆ្នាំ ដើម្បីទទួលបានការបន្តអាជ្ញាប័ណ្ណទេសចរណ៍។
ទី២-ក្រសួងគ្រោងនឹងដាក់ឲ្យអនុវត្តកម្មវិធីឥណទានកម្ចីរបស់សិស្សសម្រាប់ជំនាញទេសចរណ៍ (Study Loan for Tourism Skills) ចាប់ពីឆ្នាំ២០១៨។
ទី៣-ដើម្បីធានានូវនិរន្តរភាពនៃការចូលរួមបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ ពីគ្រប់ភាគីពាក់ព័ន្ធ អង្គពិធីបានគាំទ្រឲ្យមានការរៀបចំបទដ្ឋានគតិយុត្តិបង្កើតមូលនិធិអភិវឌ្ឍជំនាញទេសចរណ៍ (Tourism Skill Development Fund) សំដៅទ្រទ្រង់ការបណ្តុះបណ្តាលបន្ត (Continuous Training) ដល់អ្នកកំពុងបម្រើការងារតាមមណ្ឌលអាជីវកម្មទេសចរណ៍។ មូលនិធិនេះ មានការចូលរួមពីគ្រប់ភាគីដែលទទួលប្រយោជន៍ផ្ទាល់ពីការបណ្តុះបណ្តាល ហើយក៏ជាទម្រង់ការមួយក្នុងការជំរុញភាពជាដៃគូរដ្ឋ-ឯកជន(PPP)។
ទី៤-ក្រសួងស្នើឲ្យមូលដ្ឋានអាជីវកម្មទេសចរណ៍ទាំងអស់ បន្តផ្តល់ការបណ្តុះបណ្តាលខាងក្នុងដល់បុគ្គលិករបស់ខ្លួនឲ្យបានកាន់តែទូលំទូលាយថែមទៀត និងចូលរួមគាំទ្រគម្រោងដាក់ឲ្យអនុវត្តកម្មវិធី “វាយតម្លៃបទពិសោធន៍ពីមុន (Recognition of Prior Learning)”។
ទី៥-ក្រសួងទេសចរណ៍ បានដាក់ចេញនូវសៀវភៅជំនាញទេសចរណ៍ (Tourism Skills Passport) សម្រាប់កត់ត្រាគុណវុឌ្ឍិរបស់អ្នកជំនាញដែលបានបញ្ចប់ការសិក្សា និងវាយតម្លៃរួចហើយ។
ទី៦៖ ក្រសួងទេសចរណ៍ នឹងជំរុញដាក់ឲ្យអនុវត្តផែនការអនុវត្តកម្មវិធីហ្វឹកហាត់ការងារ (Apprenticeship Program) ឲ្យកាន់តែខ្លាំងក្លាថែមទៀត ដើម្បីជំរុញដល់ការអភិវឌ្ឍជំនាញទេសចរណ៍ទាំងផ្នែកទ្រឹស្តី និងការអនុវត្ត។
ទី៧៖ អង្គសន្និបាតបានគាំទ្រលើផែនការរបស់ក្រសួងទេសចរណ៍ ក្នុងការបង្កើតឲ្យមានកម្មវិធីបណ្តុះបណ្តាលជំនាញទេសចរណ៍តាមស្តង់ដាអាស៊ាន និងក៏ដូចជាការបណ្តុះបណ្តាល“បដិសណ្ឋារកិច្ចល្អ” នៅតាមវិទ្យាល័យចំណេះដឹងទូទៅ និងបច្ចេកទេសទូទាំងប្រទេស។
និងទី៨-ក្រសួងទេសចរណ៍ នឹងបង្កើតឲ្យមានក្រុមគ្រូបង្រៀនជំនាញវិជ្ជាជីវៈទេសចរណ៍ចល័ត (Mobile Tourism Trainers)។
ក្នុងឱកាសនោះ ក៏មានការប្រកាសផ្សព្វផ្សាយសមាសភាពក្រុមប្រឹក្សាភិបាលនៃសាលាវិជ្ជាជីវៈទេសចរណ៍ និងគម្រោងហិរញ្ញប្បទានពង្រឹងសមត្ថភាពពាណិជ្ជកម្ម (PRCC) និងគម្រោងហិរញ្ញប្បទានសាលាវិជ្ជាជីវៈ ទេសចរណ៍ផងដែរ៕
មតិយោបល់