ព័ត៌មានជាតិ

នគរបាលអន្តោប្រវេសន៍ឃាត់ខ្លួនជនជាតិវៀតណាមជិត៤០នាក់ នៅខណ្ឌច្បារអំពៅ

ភ្នំពេញៈ កម្លាំងនគរបាលអន្តោប្រវេសន៍នៃក្រសួងមាហាផ្ទៃ សហការជាមួយកម្លាំងនគរបាលការិយាល័យអន្តោប្រវេសន៍រាជធានីភ្នំពេញ ដោយមានការសម្របសម្រួលអំពីសំណាក់លោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យកន្លែងស្នាក់នៅ និងបំពេញការងាររបស់ជនបរទេសនៅតាមបណ្តាហាងកាហ្វេ និងផ្ទះជួលមួយចំនួន ដោយបានធ្វើការឃាត់ខ្លួនជនជាតិវៀតណាមចំនួន៣៩នាក់ (ស្រី១៣នាក់) នៅខណ្ឌច្បារអំពៅ។

ប្រតិបត្តិការនេះ ធ្វើឡើងកាលពីវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦ នៅតាមបណ្តាហាងកាហ្វេ និងផ្ទះជួលមួយចំនួន ដែលមានទីតាំងនៅតាបណ្តោយផ្លូវ៣៦៩ ភូមិអូអណ្តូង ក្នុងសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តន៍នីតិវិធីបានប្រាប់ឱ្យដឹងថា ដោយយោងទៅតាមបទបញ្ជាពីលោកនាយឧត្តមសេនីយ៍ សុខ ផល អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ ដើម្បីធ្វើយ៉ាងណាអនុវត្តន៍ច្បាប់អន្តោប្រវេសន៍របស់យើងឲ្យ​មានប្រសិទ្ធភាពខ្ពស់នោះ។ កម្លាំងរបស់លោកតែងតែបានចុះអនុវត្តន៍ទៅតាមបណ្តាខេត្តក្រុងទូទាំងប្រទេស ដោយបានធ្វើឡើងរាល់ទីតាំងស្នាក់នៅ និងបំពេញការងាររបស់ជនបរទេសគ្រប់សញ្ជាតិទាងអស់ និងតែងតែបានធ្វើការឃាត់ខ្លួន និងបណ្តេញចេញទៅកាន់ប្រទេសកំណើតរបស់ពួកគេវិញជាបន្តបន្ទាប់ផងដែរ។

លោកបានប្រាប់បន្តទៀតថា ជាក់ស្តែងក្នុងថ្ងៃនេះ កម្លាំងរបស់លោកបានធ្វើការសហការជាមួយកម្លាំងនគរបាលការិយាល័យអន្តោប្រវេសន៍រាជធានីភ្នំពេញ ដោយមានការសម្របសម្រួលអំពីសំណាក់លោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យការស្នាក់នៅ និងបំពេញការងាររបស់ជនបរទេសនៅតាមបណ្តាហាងកាហ្វេ និងផ្ទះជួលមួយចំនួននៅក្នុងសង្កាត់ព្រែកប្រា ក្នុងខណ្ឌច្បារអំពៅ។

ក្នុងងប្រតិបត្តិការនេះ កម្លាំងរបស់លោកបានធ្វើការឃាត់ខ្លួនជនជាតិវៀតណាមសរុបចំនួន៣៩នាក់ ក្នុងនោះមានស្រី១៣នាក់ ដែលបានកំពុងតែលួចចូលមកស្នាក់នៅ និងបំពេញការងារដោយគ្មានលិខិតស្នាមអ្វីទាំងអស់ និងពួកគេក៏ប្រឈមទៅនឹងការអនុសវត្តច្បាប់ដោយរង់ចាំធ្វើការបណ្តេញចេញផងដែរ។

ក្រោយពីប្រតិបត្តិការត្រួតពិនិត្យការស្នាក់នៅ និងបំពេញការងាររបស់ជនបរទេសនេះដែរ ក្រុមជនជាតិវៀតណាមទាំង៣៩នាក់​ (ស្រី១៣នាក់) ត្រូវបានធ្វើការឃាត់ខ្លួនយកទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ ដែលមានទីតាំងនៅទល់មុខ និងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដើម្បីរង់ចាត់ការទៅតាមនីតិវិធីច្បាប់ជាបន្តទៅទៀត៕

មតិយោបល់