ព័ត៌មានជាតិ

រថយន្តដឹកឥដ្ឋបើកគេចរថយន្តដឹកសិស្ស ក្រឡាប់សង្កត់ម៉ូតូចតស្ងៀម លោកយាយអាយុ៨០ឆ្នាំ រងរបួសធ្ងន់

កណ្ដាលៈ មនុស្ស២នាក់ បានរងរបួសធ្ងន់ និងស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ បង្កឡើងដោយរថយន្តដឹកឥដ្ឋមួយគ្រឿងបើកបរក្នុងល្បឿនលឿន ហើយគេចរថយន្តដឹកសិស្ស បណ្ដាលឲ្យក្រឡាប់ និងសង្កត់ម៉ូតូចតស្ងៀមរងការខូចខាត។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកាលពីវេលា៧និង៣០នាទីព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦ នៅ​ចំណុចគល់ស្ពានព្រែកក្ដាមត្រើយកើត ស្ថិតក្នុងភូមិព្រែកក្ដាម០១ ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្ដាល។

សមត្ថកិច្ចស្រុកពញាឮបានឲ្យដឹងថា រថយន្តបង្កម៉ាក Hyundai ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ3A-0524 រីឯម៉ូតូដែលរងការខូចខាតម៉ាក Hona Dream ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្ដាល 1T-2247 ។

អ្នកឃើញហេតុការណ៍បានឲ្យសមត្ថកិច្ចដឹងថា នៅមុនពេលកើតហេតុរថយន្តដឹកឥដ្ឋខាងលើបើកបរក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់កន្លែងកើតហេតុមានរថយន្តដឹកសិស្សបើកចេញពីផ្លូវលំទិសដៅពីត្បូងទៅជើង ហើយបត់ឆ្វេងបំរ៉ុងឡើងស្ពាន ហើយរថយន្តដឹកឥដ្ឋគេចពីរថយន្ដដឹកសិស្ស បណ្កាលឲ្យ​ក្រឡាប់សង្កត់លើម៉ូតូ ដែលឈប់ស្ងៀមនៅចិញ្ចើមផ្លូវលំ និងបណ្ដាលឲ្យ​​អ្នកបើកបរម៉ូតូឈ្មោះ វ៉ាន់ ចំរើន ភេទប្រុស អាយុ៥២ឆ្នាំទីលំនៅភូមិ ព្រែកក្ដាម២ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្ដាលរងរបួសស្រាល និងអ្នករួមដំណើរឈ្មោះ រិន រេន ភេទស្រី អាយុ៨០ឆ្នាំ ទីលំនៅភូមិព្រែកក្ដាម១ ឃុំកោះចិន ស្រុកពញាឮ រងរបួសធ្ងន់។ ដោយឃើញសភាពមិនស្រួលអ្នកបើករថយន្តបង្កបានរត់គេចខ្លួនបាត់​។

ក្រោយពេលកើតហេតុ កម្លាំងជំនាញបានចុះទៅធ្វើការវាស់វែង ហើយ​ស្ទួចយករថយន្ត និងម៉ូតូយក​មករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីដោះស្រាយបន្តតាមនីតិវិធីពេលក្រោយ៕

មតិយោបល់