ព័ត៌មានបច្ចេកវិទ្យា

AirPods កាសឥតខ្សែ iPhone ចេញហើយអាចកម្មង់ទិញទុកមុនបាន!


ក្រោយការពន្យាពេលអស់ប៉ុន្មានខែ នៃផលិតផល Apple AirPods ដែលជាកាសឥតខ្សែប្រើប្រាស់តាមប្រព័ន្ធ Wi-Fi ពេលនេះយើងអាចធ្វើការបញ្ជាទិញវាទុកមុនតាមអនឡាញបានហើយ ក្នុងតម្លៃ ១៥៩ ដុល្លារ នេះបើតាមការឲ្យដឹងពីក្រុមហ៊ុនផ្ទាល់ កាលពីថ្ងៃអង្គារ៍ម្សិលមិញ។ កាសឥតខ្សែនេះ នឹងមកដល់ហាងចែកចាយបន្តរបស់ Apple ក្នុងពេលរយៈ១ សប្តាហ៍ទៀតប៉ុណ្ណោះ។

ក្រុមហ៊ុន Apple បានធ្វើការណែនាំអំពីផលិតផល AirPods តាំងពី iPhone 7 ដាក់ចេញក្នុងខែកញ្ញាមកម្ល៉េះ ហើយវាត្រូវបានប្រកាសថា នឹងចេញលក់ចាប់ពីខែតុលា ប៉ុន្តែក្រុមហ៊ុន Apple បែរជាអូសបន្លាយពេលវេលារហូតមកដល់ពេលនេះ។

បើយោងតាមសម្តីរបស់ក្រុមហ៊ុន Apple ប្រាប់ទៅកាន់សារព័ត៌មាន CNET ថា៖ «ពួកយើងមិនចង់បានការកម្មង់ទិញទុកមុនពេលផលិតផលចេញនោះទេ ហេតុដូចនេះ ទើបពួកយើងត្រូវការពេលបន្ថែមបន្តិចបន្តួចទៀត មុន Apple AirPods រួចរាល់សម្រាប់អតិថិជនអាចបញ្ជាទិញទុកបាន»។

កាសឥតខ្សែ បានក្លាយជាបច្ចេកវិជ្ជាមួយដ៏អស្ចារ្យស្ថិតក្នុងដៃ និងនៅក្នុងផ្ទះរបស់អ្នកប្រើប្រាស់។ ទាក់ទងនឹងការសាកថ្មពេញ គឺអាចប្រើប្រាស់បានរហូតដល់ ៥ ម៉ោង ឬសាកថ្ម ១៥នាទី អាចប្រើប្រាស់បានរហូតដល់ ៣ ម៉ោង។ AirPods នឹងដាក់លក់នៅលើទីផ្សារនៃប្រទេសជាង ១០០ និងតំបន់ដែលក្រុមហ៊ុន Apple កំពុងស្ថិតនៅ រាប់បញ្ចូលទាំង សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស អូស្ត្រាលី កាណាដា ចិន បារាំង អាល្លឺម៉ង់ ឥណ្ឌា ម៉ិចសីកូ និង ជប៉ុន៕

មតិយោបល់