ព័ត៌មានជាតិ

តាតុណ្ហាក្រាស់ ចាប់ចៅស្រីអាយុ៧ឆ្នាំរំលោភ

បាត់ដំបងៈ តាអាយុ៧១ឆ្នាំម្នាក់ត្រូវកម្លាំងនគរបាលស្រុកបាណន់ ធ្វើការចាប់ឃាត់ខ្លួនកាលពីវេលាម៉ោង៦ល្ងាច ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅចំណុចទួលអណ្ដែត ស្ថិតក្នុងភូមិដូង ឃុំចែងមានជ័យ ស្រុកបាណន់ បន្ទាប់ពីលោកយាយដែលត្រូវជាប្រពន្ធរបស់ជនសង្ស័យ សង្ស័យថា ប្តីរបស់គាត់មានជាប់ពាក់ព័ន្ធក្នុងករណីចាប់រំលោភចៅស្រីរបស់ខ្លួនរហូតបានសម្រេច បណ្តាលឲ្យមានរបួសភ្លៅភេទធ្ងន់ធ្ងរផងដែរ។

មន្ត្រីនគរបាលបានឲ្យដឹងទៀតថា ជនសង្ស័យឈ្មោះ យ៉ាវ ជា អាយុ៧១ឆ្នាំ រីឯចៅស្រីមានអាយុ៧ឆ្នាំ (រស់នៅជាមួយគ្នា) ។

យោងតាមពាក្យបណ្តឹង ហេតុការណ៍នេះ បានកើតឡើងតាំងពីថ្ងៃទី១០ ខែធ្នូ មកម្ល៉េះ បន្ទាប់យាយឃើញចៅប្រឡាក់ឈាមពេញខោ យាយហៅចៅស្រីមកសួរ តែនាងមិនព្រមប្រាប់ ។ រហូតដល់ថ្ងៃកើតហេតុ ចៅស្រីព្រមនិយាយប្រាប់ ទើបបែកការណ៍ហើយក៏ត្រូវសមត្ថកិច្ចចុះឃាត់ខ្លួនជីតានោះតែម្ដង។

នៅចំពោះមុខសមត្ថកិច្ច តាល្មោភកាមរូបនេះបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពរំលោភចៅស្រីពិតមែន។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួន នៅអធិការដ្ឋានស្រុកបាណន់ ដោយត្រូវមន្ត្រីជំនាញកំពុងសាកសួរ និងកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់៕

មតិយោបល់