ព័ត៌មានជាតិ

Update៖ រឿងថៅកែឡានដឹកខ្សាច់ ដកកាំភ្លើងគំរាមប្រជាពលរដ្ឋនៅឃុំគគីរ មេប៉ុស្តិ៍ថាជនរងគ្រោះដកពាក្យបណ្តឹង តែជនរងគ្រោះបដិសេធ

​កណ្ដាលៈ ករណីរឿងថៅកែឡានដឹកខ្សាច់ ចាន់ណា រដ្ឋធី ត្រូវពលរដ្ឋប្តឹងចូលប៉ុស្តិ៍នគរបាលរដ្ឋបាលគគីរ ក្រោយដកកាំភ្លើងគំរាមប្រជាពលរដ្ឋ កាលពីថ្ងៃទី១៦ ខែតុលា នៅចំណុចក្រោយសាលាបឋមសិក្សាគគីរ ឃុំគគីរ ស្រុកកៀនស្វាយ លោក វេង កុសល មេប៉ុស្តិ៍គគីរ ប្រាប់ថាជនរងគ្រោះដកពាក្យបណ្តឹង តែលោក ស៊ុន គឹមសេង ដែលត្រូវថៅកែឡានដឹកខ្សាច់ដកកាំភ្លើងគំរាមនោះបាន បដិសេធដោយប្រាប់ថា មិនទាន់បានដកពាក្យបណ្តឹងទេ។

លោក វេង កុសល នាយប៉ុស្តិ៍រដ្ឋបាលនគរបាលឃុំគគីរ ថ្លែងថា ជនរងគ្រោះបានដកពាក្យបណ្ដឹងហើយ ដោយមូលហេតុមានការភាន់ច្រឡំ ។

បើតាមលោក ស៊ុន គឹមសេង បានប្រាប់Post Newsអោយដឹងថា បន្ទាប់ពីថ្ងៃដែលគាត់ទៅដាក់ពាក្យបណ្តឹងមកដល់ថ្ងៃនេះគឺត្រូវបាននគរបាលប៉ុស្តិ៍គគីរហៅទៅម្តងទៅសាកសួរ សម្របសម្រួលគ្នា តែភាគីម្ខាងទៀតមិនបានចូលរួមដោះស្រាយទេ ហើយមកដល់ពេលនេះក៏គាត់មិនទាន់បានពាក្យបណ្តឹងនៅឡើយទេ។

សូមរំលឹកថា មានការភ្ញាក់ផ្អើលទាំងព្រឹកនៅខាងក្រោយសាលាបឋមសិក្សាគគីរ ខណៈដែលពលរដ្ឋឃាត់ឡានសំណូមពរអោយក្រុមឡានដឹកដី ដឹកថ្ម ធ្វើផ្លូវអោយពួកគាត់ស្រួលធ្វើដំណើរទៅផ្សារ ទៅធ្វើបុណ្យ និងជាពិសេសងាយស្រួលអោយកុមារ៉ា កុមារី ជិះកង់ និងដើរទៅសាលាស្រួល ស្រាប់តែពលរដ្ឋកំពុងនិយាយជាមួយក្រុមឡានដឹកដី ដឹកខ្សាច់ ស្រាប់តែមានបុរសម្នាក់បើកឡានមកហើយចុះពីលើឡានបានស្រែកក្តែងៗថា អាណាឃាត់ឡានមិនអោយទៅ រួចហើយបានបើកទ្វារឡានដកកាំភ្លើងខ្លីមិនស្គាល់ម៉ាកមកភ្ជង់និងចង្អុលពលរដ្ឋដែលកំពុងឃាត់ឡានធ្វើអោយពួកគាត់ភ័យស្លន់ស្លោរ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩ និង៣០នាទីព្រឹក ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧ នៅចំណុចលើផ្លូវលំ ក្រោយសាលាបឋមសិក្សាគគីរ ស្ថិតនៅភូមិគគីរ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

បើតាមបងប្រុសឈ្មោះ ស៊ុន គឹមសេង ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅភូមិគគីរ ឃុំគគីរ ស្រុកកៀនស្វាយបានប្រាប់អោយដឹងថា នៅពេលព្រឹកប្រហែលជាម៉ោង៧គាត់បានឃាត់ឡានលើកទី១ដោយមូលហេតុផ្លូវពិបាកជិះពេក គាត់បានប្រាប់ក្រុមអ្នកបើកឡានអោយផ្អាកដឹកសិនទៅហើយអោយឈូសផ្លូវ ចាក់ថ្ម ចាក់ដី អោយស្រួលជិះកុំអោយរអិលដោយសារផ្លូវមិនទាន់ស្ងួតស្រួលជិះ បើនៅតែដឹកទៀតគឺកាន់តែខ្ទេចហើយជិះអតកើតទេ រួចគាត់បានធ្វើដំណើរទៅផ្សារ ស្រាប់តែម៉ោង ៩និង៣០នាទី គាត់បានវិលមកពីផ្សារវិញក៍នៅតែឃើញក្រុមឡានដឹកយ៉ាងច្រើនជាងមុន ហើយអតព្រមធ្វើតាមសំណូមពររបស់ពួកគាត់ គាត់ក៏ចាប់ផ្តើមឃាត់រថយន្តលើកទី២ ស្រាប់តែ មានបុរសម្នាក់ដែលពួកគាត់ស្គាល់ឈ្មោះចាន់ណា រដ្ឋធី បើកឡានមកហើយចុះពីលើឡានបានស្រែកក្តែងៗថា អាណាឃាត់ឡានមិនអោយទៅ រួចហើយបានបើកទ្វារឡានដកកាំភ្លើងខ្លីមិនស្គាល់ម៉ាកមកភ្ជង់និងចង្អុលពលរដ្ឋដែលកំពុងឃាត់ឡានធ្វើអោយពួកគាត់ភយ័ស្លន់ស្លោរយ៉ាងខ្លាំង។

បងប្រុសឈ្មោះស៊ុន គឹមសេង បានបញ្ជាក់ថា គាត់បានដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលគគីររួច ហើយគាត់ក៏បានសំណូមពរអោយអាជ្ញាធរមានសមត្ថកិច្ចមេត្តាជួយរកយុត្តិធម៍អោយគាត់ផង ពីព្រោះគាត់ធ្វើនេះដើម្បីអោយបងប្អូនទាំងអស់នៅក្រោយសាលាបឋមសិក្សាគគីរពួកគាត់ងាយស្រួលក្នុងការធ្វើដំណើរ និងជាពិសេសគាត់បានសំណូមពរបន្ថែមថា បើរកស៊ីដើម្បីផលប្រយោជន៍ខ្លួនឯង កុំអោយវេទនាអ្នកដ៍ទៃ។

ពាក់ពន្ធ័រឿងរ៉ាវខាងលើនេះដែរ មិនអាចសុំទំនាក់ទំនងទៅលោក ចាន់ណា រដ្ឋធី ថៅកែឡានដឹកដី ដឹកខ្សាច់បាននៅឡើយទេ ។

ពលរដ្ឋមានការងឿងឆ្ងល់យ៉ាងខាំង ថាថៅកែដឹកដី ដឹកថ្មដឹកខ្សាច់ឈ្មោះចាន់ណា រដ្ឋធី ហេតុអីគាត់មានកាំភ្លើងប្រើប្រើប្រាស់ដើរភ្ជង់គំរាមគេ..!តើគាត់ជាមន្ត្រីអនុវត្តន៍ច្បាប់ឬ…???

មតិយោបល់