ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ ពាកព័ន្ធករណីប្រើប្រាស់ និងរក្សាទុកគ្រឿងញៀន

កោះកុងៈ កម្លាំងអធិការដ្ឋាននគរបាលស្រុកគីរីសាគរ នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង បង្ក្រាបបានករណីជួញដូរ រក្សាទុក និងប្រើប្រាស់នូវសារធាតុញៀនចំនួន១ករណី ដោយឃាត់ខ្លួនបានជនសង្ស័យចំនួន២នាក់ កាលពីវេលាម៉ោង១១និង៤៥នាទីព្រឹក ថ្ងៃទី​១៣ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចភូមិកោះស្តេច ឃុំកោះស្តេច ស្រុកគីរីសាគរ ខេត្តកោះកុង។

សមត្ថកិច្ចបានឲ្យដឹងថា ប្រតិបត្តិការនេះ ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ក្នុងនោះមានស្រីម្នាក់ ទី១. ឈ្មោះ ជូ សំណាង ភេទប្រុស អាយុ២២ ឆ្នាំ មុខរបរនេសាទ ទីលំនៅ ភូមិឃុំកើតហេតុខាងលើ និងទី២. ឈ្មោះ ផុន លៀប ភេទស្រី អាយុ៣២ឆ្នាំ មុខរបរនៅផ្ទះ ទីលំនៅ ភូមិឃុំកើតហេតុ។ ហើយដកហូតវត្ថុតាងបានរួមមាន ម្សៅក្រាមពណ៌សថ្លា សង្ស័យជាគ្រឿងញៀនប្រភេទមេតំហ្វីតតាមីន(ទឹកកក)ចំនួន២កញ្ចប់តូចស្មើនឹង០,១៨ក្រាម និងឧបករណ៍សំរាប់សេពមួយចំនួនទៀត។

បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ ត្រូវសមត្ថកិច្ចបញ្ជូនមកអធិការដ្ឋានដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាមនីតិវិធីច្បាប់៕

មតិយោបល់