សៀមរាបៈ សាកសពបុរសម្នាក់ ត្រូវបានកម្មករសំណង់ប្រទះឃើញនិងបានប្រាប់ប្រជាពលរដ្ឋនៅក្នុងភូមិ ហើយរាយការណ៍ជូនសមត្ថកិច្ចនគរបាលស្រុកប្រាសាទបាគង ឲ្យចុះទៅពិនិត្យសាកសពនៅកន្លែងកើតហេតុភ្លាមៗ កាលពីវេលាម៉ោង១០និង៣០នាទី ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៦ ត្រង់ចំណុចក្នុងភូមិស្ពានក្អែក ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ នឹង នាង អាយុ៣១ឆ្នាំ រស់នៅភូមិអូ ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប បានទៅរកចាប់កូនក្អាត់យកមកបង្កៃតែម្នាក់ឯង ស្រាប់តែស្លាប់នៅវាលស្រែ ដោយសភាពផ្កាប់មុខទៅក្នុងទឹក។
បើតាមការពិនិត្យសាកសពរបស់សមត្ថកិច្ចនគរបាល បានសន្និដ្ឋាន ថាជនរងគ្រោះប្រហែលកើតខ្យល់វិលមុខដួលផ្កាប់មុខទៅក្នុងទឹក ដោយមិនមានអ្នកណាដឹង ទើបបណ្ដាលឲ្យស្លាប់។ នៅលើរូបរាងកាយជនរងគ្រោះពុំមានស្លាកស្នាមអ្វីគួរឲ្យសមត្ថកិច្ចនគរបាលកត់សម្គាល់ថាជាអំពើឃាតកម្មនោះទេ។
បច្ចុប្បន្ន សពត្រូវបានក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណីរួចរាល់៕
មតិយោបល់